
Makro ផ្សារទំនើបលក់ដុំក្នុងតម្លៃថោករបស់ថៃ ចាប់ផ្តើមនៅចុងឆ្នាំនេះ
កាលពីអំឡុងដើមខែឧសភានេះ ស្លាកយីហោផ្សារ Makro ដែលមានឈ្មោះល្បីជាផ្សារលក់ទំនិញបោះដុំ មានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានចាប់ផ្តើមលើកស្លាកសញ្ញាការិយាល័យលក់របស់ខ្លួនថា «ចង់យកផលិតផលមកលក់ក្នុងម៉ាក្រូ» នៅតាមជញ្ជាំងស័ង្កសីហ៊ុមព័ទ្ធទីតាំងការដ្ឋានសំណង់នៃផ្សារនេះ ស្ថិតនៅក្នុងខណ្ឌសែនសុខ ភាគពាយ័ព្យរាជធានីភ្នំពេញ។
នៅក្នុងការដ្ឋានសំណង់មានក្រុមកម្មករ និងវិស្វករចម្រុះជាតិសាសន៍ខ្មែរ-ថៃ កំពុងបំពេញកិច្ចការរបស់ពួកខ្លួនយ៉ាងមមារញឹក។
ឆ្លើយតបតាមរយៈអ្នកបកប្រែភាសា នាយក្រុមការងារជនជាតិថៃមួយរូប បានឲ្យដឹងថា ៖ «ពួកយើងកំពុងរៀបចំបរិវេណនេះ ដើម្បីសាងសង់ជាសំណង់ផ្សារ Makro»។
លោកពន្យល់បន្តថា ចំណែកគ្រឹះខាងក្រោមដីរបស់សំណង់ផ្សារ Makro នេះត្រូវបានស្ថាបនារួចរាល់ហើយ ហើយផ្នែកខាងលើដីនៃសំណង់នេះគឺជាគ្រោងដែកដែលនឹងត្រូវចាប់ផ្គុំលើកឡើងយ៉ាងឆាប់រហ័ស។
លោក Sam Oeun (សម អឿន) ជា Resident Engineer (វិស្វករលំនៅឋាន) បានឲ្យដឹងថា ក្រុមរបស់លោកត្រូវបានថៅកែថៃជួលឲ្យធ្វើជាទីប្រឹក្សាខាងសំណង់ដើម្បីធ្វើការងារត្រួតពិនិត្យការដ្ឋានសំណង់ផ្សារដ៏ធំមួយនេះ។
លោកបន្តថា ៖ «តាមគំរូស្ថាបត្យកម្មរបស់សំណង់ផ្សារ Makro នេះ គ្រោងសំណង់ទាំងអស់នឹងត្រូវសាងសង់ឡើងដោយដែក។ វាជាសំណង់ធំទូលាយ ប៉ុន្តែមិនខ្ពស់នោះទេ»។
«នៅពេលសាងសង់រួចរាល់ អគារផ្សារនេះនឹងមានកំពស់ត្រឹម ២ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ទី១» នេះបើតាមប្រសាសន៍របស់លោក អឿន។ «តាមការគ្រោងទុក ការសាងសង់សំណង់របស់ផ្សារនេះនឹងត្រូវបញ្ចប់នៅត្រឹមខែវិច្ឆិកាខាងមុខនេះ»។
ផ្សារ Makro នៅខណ្ឌសែនសុខ ក្រុងភ្នំពេញ ជាសាខាដំបូងបំផុតនៅកម្ពុជានេះ ត្រូវបានសាងសង់នៅលើបរិវេណដីទំហំ ២៥៣ ម៉ែត្របណ្តោយ និងទទឹង ១៨៤ម៉ែត្រ ឬស្មើនឹងផ្ទៃដីជិត ៥ ហិកតា។ ចំណែកតួសំណង់អគារផ្សារមានទំហំ ១២៨ ម៉ែត្រ គុណ ១០២ម៉ែត្រ នឹងមានកម្ពស់ ២ជាន់។ រីឯបរិវេណផ្ទៃដីនៅសល់ គឺជាចំណតយានយន្តគ្រប់ប្រភេទ និងជាសួនច្បារ។
Makro នឹងក្លាយជាផ្សារទំនើប ជាឃ្លាំងស្តុកដ៏ធំ និងជាផ្សារលក់បោះដុំធំបំផុតដំបូងគេក្នុងតម្លៃសមរម្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ផ្សារនេះ នឹងពុំមានជួលតូប ហាង ឬក៏ទីកន្លែងលក់នៅក្នុងផ្សារនេះទៅឲ្យភាគីផ្សេងៗទេ។
អតីតមន្ត្រីជាន់ខ្ពស់ខណ្ឌ សែនសុខ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ៖«ដី ដែលគេកំពុងសាងសង់ផ្សារម៉ាក្រូ នោះគឺជាអតីតដីបឹងពោងពាយ ឥឡូវជាកម្មសិទ្ធិរបស់លោកឧកញ៉ា លី យ៉ុងផាត់ និងភរិយា»។
បើតាមការពន្យល់របស់បុគ្គលិកផ្នែកលក់មួយរូបបានឲ្យដឹងថា ៖ «សាខាផ្សារ Makro នៅកម្ពុជាដំបូងគេនេះ នឹងបើកដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះហើយ»។
អ្នកស្រី និរតី បានបន្តថា៖ «វានឹងក្លាយជាផ្សារលក់ដុំដ៏ធំបំផុត ទំនិញមានគុណភាពខ្ពស់ពិតៗ និងមានតម្លៃធូរថ្លៃជាងគេនៅកម្ពុជា»។
អ្នកស្រីបន្តថា ៖ «ខាងក្រុមហ៊ុនរបស់យើងនឹងធ្វើការនាំចូលនូវទំនិញជាច្រើនប្រភេទមកពីប្រទេសថៃដោយផ្ទាល់ ដើម្បីយកមកលក់បោះដុំនៅក្នុងផ្សារនេះ ហើយយើងក៏រីករាយក្នុងការទទួលចែកចាយរាល់កសិផល និងមុខទំនិញផលិតក្នុងស្រុករបស់ប្រជាជនកម្ពុជាផងដែរ»។
យោងតាមការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញថា៖ ក្រុមហ៊ុន Makro ROH Co., Ltd. ដែលជាក្រុមហ៊ុនដើមរបស់ Siam Makro ជាអ្នកវិនិយោគផ្សារ Makro នៅកម្ពុជា បានចុះបញ្ជីការវិនិយោគនៅក្រសួងពាណិជ្ជកម្ម(កម្ពុជា)ក្នុងតម្លៃ ២លានដុល្លារ ដោយក្រុមហ៊ុនថៃមួយនេះដាក់ទុនវិនិយោគចំនួន ៧០ភាគរយ ជាមួយក្រុមហ៊ុនដៃគូវិនិយោគក្នុងស្រុកចំនួន ៣០ភាគរយទៀត។
បើយោងតាមការចេញផ្សាយរបស់បណ្តាញផ្សាយព័ត៌មានអនឡាញក្នុងស្រុកឈ្មោះខេមបូណូមីស (https://cambonomist.com/) បានឲ្យដឹងថា ចំណែក៣០ភាគរយនៃការវិនិយោគនេះ គឺជាការវិនិយោគរបស់លោកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP៕
ប្រភពព័ត៌មានពី ភ្នំពេញប៉ុស្ត៍