ព័ត៌មានទូទៅ

គម្រោង​ស្ពាន​អាកាស​ថ្មើរជើង ​ឆ្លង​កាត់​ទទឹង​ផ្លូវ​ដំបូង​គេ​នៅ​កម្ពុជា

on .

ស្ពាន​ថ្មើរជើង​ឆ្លង​កាត់​ទទឹង​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដំបូង​បង្អស់​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​សាធារណៈ​នៅ​ខែ​មេសា​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នាពេល​ខាង​មុខ​នេះ​។

យោង​តាម​ប្រសាសន៍​លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​៖ «ការ​ស្ថាបនា​សំណង់​ស្ពាន​ថ្មើរជើង​នេះ​គឺជា​ការ​រៀបចំ និង​ការ​ទទួល​ខុស​ត្រូវ​ដ៏​សំខាន់​មួយ​ដែល​​ចូលរួម​បង្ក​ភាព​ងាយស្រួល​សម្រាប់​ប្រជាជន និង​សិស្សានុសិស្ស​ដែល​រស់នៅ​ទីប្រជុំជន​នៅ​ជាប់​នឹង​ផ្លូវជាតិ​ដែល​មាន​ចរាចរណ៍​មមាញឹក និង​ការ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ [​នៅ​តាម​ទីតាំង​ខ្លះៗ​] ដូចជា សាលារៀន មន្ទីរពេទ្យ និង​ផ្សារ​ជាដើម​»​។

នៅ​ក្នុង​សេចក្តី​ប្រកាស​តាម​បណ្តាញ​សង្គម Facebook របស់​​សាលា​រាជធានី​ភ្នំពេញ​កាលពី​​សប្តាហ៍​មុន​បាន​ប្រកាស​ជា​ផ្លូវការ​ថា​សំណង់​ស្ពាន​អាកាស​ថ្មើរ​ជើង​ប្រភេទ​នេះ​ដែល​ប្រទេស​កម្ពុជា​មិន​ឆ្លាប់​បាន​ស្ថាបនា​គឺ​ត្រូវ​បាន​សម្រេច​ចិត្ត និង​ផ្តួចផ្តើម​សាងសង់​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​នៅ​លើ​ផ្លូវជាតិ​លេខ​ ៤ ត្រង់​ចំណុច​សាលា​បឋមសិក្សា និង​វិទ្យាល័យ​ ហ៊ុន សែន ជម្ពូវ័ន្ត ចំនួន​ពីរ​ទីតាំង​ដែល​ស្ថិត​នៅ​ជាយ​ខាង​លិច​នៃ​រាជធានី​ភ្នំពេញ​ក្រោម​ការ​រៀបចំ​របស់​សាលា​រាជធានី​ភ្នំពេញ និង​ការ​គាំទ្រ​ពី​ប្រជាជន​តាំងពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៦ ​​មក​ម្ល៉េះ។

លោក មាសភក្តី បាន​បន្ថែម​ថា​៖ «​នៅក្នុង​គម្រោង​ស្ថាបនា​នេះ​សាលា​រាជធានី​ភ្នំពេញ​សង្ឃឹម​ថា​នឹង​ជួយ​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លង​ផ្លូវ​ កាត់​បន្ថយ​ការ​កកស្ទះ និង​កាត់បន្ថយ​គ្រោះថ្នាក់​​ចរាចរណ៍​ហើយ​ក៏​ជា​ការ​លើក​មុខ​មាត់​ប្រទេស​ជាតិ​របស់​យើង​ជាពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ប្រជាជន​មាន​ឱកាស​ឆ្លងកាត់​ស្ពាន​ថ្មើរជើង​កាត់​ទទឹង​ផ្លូវ​ដំបូង​នេះ​»​។

ចំណែក​លោក ហែម ដារិទ្ធ អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​​មាន​ប្រសាសន៍​គាំទ្រ និង​សម្តែង​ភាព​រីករាយ​ចំពោះ​ការ​រៀបចំ​គម្រោង​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​ក្នុង​ទីតាំង​ភូមិសាស្ត្រ​ខណ្ឌ​​របស់​លោក​។

លោក​ក៏​សង្ឃឹម​ថា​ សាលា​រាជធានី​ភ្នំពេញ​ នឹង​មាន​គម្រោង​ស្ថាបនា​ស្ពាន​បែប​​នេះ​បន្ថែម​ទៀត​ឲ្យ​បាន​ច្រើន​នៅក្នុង​តំបន់​ទីប្រជុំជន​នៃ​រាជធានី​ពីព្រោះ​ស្ពាន​ថ្មើរជើង​នេះ​អាច​ជួយ​កាត់បន្ថយ​ការ​កកស្ទះ និង​​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យានយន្ត​ផ្សេងៗ​។

PR 07 02 2017 1

លោក មាសភក្តី បាន​បញ្ជាក់​ថា​៖ «​ស្ពាន​អាកាស​ថ្មើរជើង​នេះ​មាន​បណ្តោយ​ប្រវែង ៥០ ​ម៉ែត្រ​ទទឹង ៣,៥០ ​ម៉ែត និង​កម្ពស់ ៦ ​ម៉ែត្រ​ដែល​ការ​ស្ថាបនា​សំណង់​នេះ​​បាន​ចំណាយ​រយៈពេល​ជិត ១០ ​ខែ​ដោយ​រាប់​បញ្ចូល​ទាំង​ការ​សាងសង់​ពង្រីក​ផ្លូវ​សង​ខាង និង​ការ​ដាក់​ប្រព័ន្ធ​លូ​។ ប៉ុន្តែ​ការ​ចំណាយ​​ពេល​ធ្វើ​ [​សំណង់​] ​ស្ពាន​ថ្មើរជើង​ខាង​លើ​នេះ​តែ​ម្តង​គឺ​មិន​ចំណាយ​ពេល​ដល់​ទៅ​ដប់​ខែ​នោះ​ទេ​»​។

ទោះ​ជា​យ៉ាង​ណា​បន្ទាប់ពី​ការ​បញ្ចប់​គម្រោង​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​នឹង​មាន​គម្រោង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ក្នុង​ឆ្នាំ​ ២០១៧ ​នេះ​ចំនួន ៥ ​គម្រោង​ទៀត​ស្ថិត​នៅ​ត្រង់​ចំណុច​ផ្សេងៗ​គ្នា ខណៈ​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិចារណា និង​សិក្សា​គម្រោង​ពី​ចំនួន​ពិតប្រាកដ និង​ទីតាំង​ជាក់លាក់​។

ទោះបី​ជា​មាន​ប្រតិកម្ម​អវិជ្ជមាន​ខ្លះៗ​មួយ​ចំនួន​ដែល​កើតឡើង​​នៅ​ក្នុង​អំឡុង​ការដ្ឋាន​ដំណើរការ​សាងសង់​ដោយ​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ក្នុង​ពេល​ខ្លះៗ​ជាទូទៅ​គម្រោង​នេះ​នៅ​តែ​ទទួល​បាន​​ការ​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ពី​សំណាក់​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាជន​ទាំង​អ្នក​រស់នៅ​ក្នុង​តំបន់ និង​អ្នក​ចម្ងាយ​ដោយសារ​ពួកគាត់​យល់​​ពី​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ស្ពាន​អាកាស​ថ្មើរ​ជើង​នេះ​ដើម្បី​សុវត្ថិភាព​ហើយ​ពួកគាត់​ស្នើសុំ​ឲ្យ​មាន​គម្រោង​បែប​នេះ​កាន់តែ​ច្រើន​ថែម​ទៀត​។ សកម្មភាព​នៅ​ការដ្ឋាន​ដំឡើង​ស្ពាន​អាកាស​ថ្មើរជើង​ ៤ ​នេះ​ត្រូវ​បាន​​ក្រុម​ការងារ និង​អ្នក​បច្ចេកទេស​ខិតខំ​ធ្វើ​ទាំង​ថ្ងៃ​ទាំង​យប់ និង​​ដំណើរការ​យ៉ាង​រលូន​។

មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា​អាជ្ញាធរ​សង្ឃឹម​ថា​បន្ទាប់ពី​ការដ្ឋាន​នេះ​ត្រូវ​បាន​បញ្ចប់​ប្រជាជន​មួយ​ចំនួន​នឹង​យល់​ពី​ផលប្រយោជន៍​នៃ​ការ​ស្ថាបនា​ស្ពាន​នេះ​កាន់តែ​ច្បាស់​។

លោក មាសភក្តី ពុំ​អាច​បញ្ជាក់​ពី​ការ​ចំណាយ​ប្រាក់​សរុប​នៅ​ក្នុង​គម្រោង​នេះ​នៅ​ឡើយ​ទេ​ដោយ​លោក​ថ្លែង​ថា​៖ «​ជាធម្មតា​ចំណូល​​ចំណាយ​គឺ​មាន​សភាព​ស្មុគស្មាញ​។ ការ​ចំណាយ​នៅ​ក្នុង​គម្រោង​មួយ​នេះ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់លាស់​នៅ​ឡើយ​ទេ ដោយសារ​តែ​មាន​គម្រោង​ជាច្រើន​កើតឡើង​ស្រប​ពេល​ដំណាល​គ្នា​»៕

ប្រភពពី៖ ភ្នំពេញប៉ុស្ត៍

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789