ព័ត៌មានទូទៅ

ក្រុងសង់ផ្លូវថ្មើរជើងថ្មី តាមមាត់ទន្លេពីមុខផ្សាររាត្រីទៅដល់ ស្ពានជ្រោយចង្វារ

on .

បន្ទាប់ពី​ភាព​ជោគជ័យ និង​ទទួល​បាន​ការ​សាទរ​ជាច្រើន​ពី​មហាជន​ពី​គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​ពី​ខាង​ក្រោយ​មជ្ឃមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ក្បែរ​សាលមហោស្រព​ចតុមុខ​រហូត​ដល់​កំពង់ផែ​អរិយក្សត្រ​នៅ​ក្បែរ​កោះពេជ្រ សាលា​រាជធានី​ភ្នំពេញ​បាន​នឹង​រៀបចំ​គម្រោង​សាងសង់​ផ្លូវ​ថ្មើរជើង​តាម​មាត់ទន្លេ​មួយ​ខ្សែ​ទៀត​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ដោយ​ចាប់​ផ្តើម​ពី​ចំណុច​មុខ​ផ្សារ​រាត្រី​នា​តំបន់​ផ្សារចាស់​បន្ត​ទៅ​គល់​ស្ពាន​ជ្រោយចង្វារ​ដែល​មាន​ប្រវែង​ប្រហែល ១៦០០ ​ម៉ែត្រ​។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​។

កាលពី​ម្សិលមិញ​នៅ​លើ​ទំព័រ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម Facebook របស់​លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា​៖ «​ដើម្បី​រៀបចំ​ទីតាំង​នេះ​ឱ្យ​បាន​ទាន់​ពេលវេលា​យើង​ត្រូវ​ចាប់ផ្តើម​ការងារ​ពីរ​ជា​សំខាន់​៖ ចាប់ផ្តើម​ស្ថាបនា និង​រៀបចំ​ច្រាំង​ទន្លេ​ដោយ​ចេញ​ដំណើរ​ពី​ចំណុច​គល់ស្ពាន​ជ្រោយ​ចង្វារ​​មក និង​កែសម្រួល​ទីតាំង​នៅ​តាម​មាត់​ទន្លេ​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​ច្រាំង​ទន្លេ​ទាំងអស់​»​។

សេចក្តី​ប្រកាស​របស់​លោក​អភិបាល​បាន​បន្ត​ថា​៖ «​ខ្ញុំ​បាន​ជួប​ជាមួយ​អ្នក​ពាក់ព័ន្ធ​នៅ​តាម​ច្រាំង​ទន្លេ​ចតុមុខ​ដើម្បី​ពិភាក្សា​រក​​ដំណោះស្រាយ​រៀបចំ​ផ្លូវ​ថ្មើរ​ជើង​​នៅ​តាម​មាត់ទន្លេ​ជា​បន្ត​ចាប់ពី​ខាង​មុខ​ផ្សារ​រាត្រី​រហូត​ដល់​គល់ស្ពាន​ជ្រោយចង្វារ​។ យើង​នឹង​​ខិតខំ​រៀបចំ​ឱ្យ​បាន ​[​សាងសង់​ចប់​] ​រួចរាល់​នៅ​មុន​ព្រះរាជពិធី​បុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះខែ​នៅ​ឆ្នាំ​នេះ​ដើម្បី​ [​យក​ទីតាំង​ទាំង​នេះ​ក្លាយ​] ​ជា​កន្លែង​លំហែ​កម្សាន្ត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ផង​ហើយ​ក៏​ជា​ការ​លើក​កម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ​ក៏​ដូចជា​ប្រទេស​ជាតិ​ទាំង​មូល​ផង​»​។

គួរ​បញ្ជាក់​ថា​កាលពី​ឆ្នាំ​ ២០១៦ សាលា​រាជធានី​ភ្នំពេញ​ទើប​នឹង​បាន​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​សាងសង់​ផ្លូវ​ថ្មើរជើង​តាម​បណ្តោយ​មាត់​ទន្លេ​ដែល​មាន​ប្រវែង ៩៥០ ​ម៉ែត​គឺ​ចាប់ពី​ចំណុច​ខាង​ក្រោយ​មជ្ឃមណ្ឌល​ព័ត៌មាន​ទេសចរណ៍​ក្បែរ​សាល​មហោស្រព​ចតុមុខ​រហូត​ដល់​កំពង់ផែ​អរិយក្សត្រ​៕

ប្រភពពី៖ ភ្នំពេញប៉ុស្ត៍

 

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789