
ប្រជាជនសាទរ ថ្វីបើមានការបាំងរនាំងផ្លូវម្ខាង ដើម្បីសម្រុកធ្វើកំណាត់ផ្លូវជាតិលេខ ១ ឲ្យឆាប់រួចរាល់
ទោះបីជាកំណាត់ផ្លូវជាតិលេខ ១ ប្រវែងជាង ៤ គីឡូម៉ែត្រពីគល់ស្ពានព្រះមុនីវង្សនៃសង្កាត់ច្បារអំពៅ រហូតដល់វត្តក្តីតាកុយនៃសង្កាត់ព្រែកឯងត្រូវបានឃាំងដោយរនាំងនៃចំហៀងផ្លូវម្ខាងដែលបង្កផលប៉ះពាល់ដល់អាជីវកម្មជាច្រើននៅតាមផ្លូវនោះក៏ដោយ ក៏ប្រជាជនរស់នៅតាមកំណាត់ដងផ្លូវនោះហាក់ចូលរួមអបអរសាទរនូវអ្វីដែលសាលារដ្ឋបាលរាជធានីភ្នំពេញសន្យាថានឹងបញ្ចប់គម្រោងស្ថាបនាផ្លូវនោះឲ្យហើយនៅត្រឹមថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៧ ខាងមុខនេះដែរ។
យោងតាមលិខិតជូនដំណឹងស្តីពីការពង្វាងចរាចរណ៍ឆ្លងកាត់តំបន់ផ្លូវជាតិលេខ ១ ចាប់ពីស្ពានព្រះមុនីវង្ស ដល់វត្តក្តីតាកុយរបស់សាលារដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៧ កន្លងមកថ្មីនេះបានប្រាប់ដល់ម្ចាស់យានយន្តដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្តដឹកអ្នកដំណើរឲ្យបានជ្រាបថាគិតមកទល់ត្រឹមថ្ងៃទី ២៦ ខែមករានេះកំណាត់ផ្លូវនេះស្ថាបនាបាន ៨០ ភាគរយហើយក្នុងពេលដែលការដ្ឋាននេះបានមកដល់ចំណុចទីប្រជុំជនផ្សារច្បារអំពៅដែលជាចំណុចមានការកកស្ទះចរាចរណ៍ស្ទើរគ្រប់ពេលវេលា។
ដើម្បីពន្លឿនការសាងសង់ឲ្យបានឆាប់ចប់តាមផែនការកំណត់ត្រឹមថ្ងៃទី ៣១ ខែមិនា ឆ្នាំ ២០១៧ ខាងមុខនេះដូច្នេះសាលារដ្ឋបាលរាជធានីភ្នំពេញសំណូមពរឲ្យម្ចាស់យានយន្តខាងលើដែលត្រូវឆ្លងកាត់ចំណុចនោះត្រូវធ្វើដំណើរវាងតាមផ្លូវក្រវាត់ក្រុងទី ២ គឺបន្តពីផ្លូវជាតិលេខ ១ ទៅផ្លូវរោងចក្រស្រាបៀរថៃហ្គ័រឆ្ពោះទៅស្ពានព្រែកសំរោងឆ្លងចូលក្រុងតាខ្មៅទើបចូលមកកាន់ក្រុងភ្នំពេញ ហើយចំណែកឯការធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅផ្លូវជាតិលេខ ១ វិញក៏ត្រូវធ្វើដំណើរបញ្ច្រាសតាមទិសនោះវិញដែរ។
កាលពីម្សិលមិញស្ថានភាពជាក់ស្តែងនៅកំណាត់ផ្លូវជាតិលេខ ១ ត្រង់ម្តុំផ្សារច្បារអំពៅនោះការដ្ឋានសាងសង់ផ្លូវកំពុងមមាញឹកយ៉ាងសកម្ម។ ប៉ុន្តែអ្នកដំណើរគឺអាចធ្វើចរាចរណ៍បានមួយចំហៀងផ្លូវគឺភាគច្រើននៅចំហៀងផ្លូវខាងជើង ខណៈចំហៀងផ្លូវខាងត្បូងគឺជាការដ្ឋានសាងសង់ផ្លូវហើយរាល់អាជីវកម្មនៅទីនោះស្ទើរតែទាំងអស់ត្រូវរាំងស្ទះ។
ស្ត្រីម្ចាស់ហាងនំបុ័ង ហេង ចេង ដែលនៅពីមុខហាងត្រូវបានរាំងដោយរនាំងបាំងផ្លូវ និងការជីកបាតផ្លូវជម្រៅជាងកន្លះម៉ែត្រនោះបានត្អូញត្អែរថា ៖ «ចាប់តាំងពីទី ១០ ខែធ្នូ ឆ្នាំ ២០១៦ មកម្ល៉េះដែលហាងលក់នំបុ័ងរបស់ខ្ញុំពុំអាចលក់ដាច់ដូចមុនទេ ព្រោះគេឃាំងផ្លូវគឺមានតែម៉ូតូប៉ុណ្ណោះអាចចេញចូលបាន»។ អ្នកស្រីបន្តថា៖ «បើគិតទៅការលក់ធ្លាក់ចុះមកនៅត្រឹមតែ ២០ ភាគរយ បើប្រៀបធៀបទៅនឹងមុនពេលមានការដ្ឋាន»។
ទោះជាយ៉ាងណាម្ចាស់ហាងនំបុ័ងរូបនេះថ្លែងថា៖ «ប៉ុន្តែពួកយើងនៅតែអបអរសាទរ ខណៈឮថាសាលាក្រុង និងក្រុមហ៊ុនជប៉ុនដែលជាអ្នកសាងសង់ផ្លូវនេះគ្រោងនឹងបញ្ចប់ការដ្ឋានផ្លូវនេះនៅត្រឹមដំណាច់ខែមិនាខាងមុខនេះ»។
លោក ចន ចាន់ វ័យ ៣៥ ឆ្នាំជាអ្នករត់ម៉ូតូឌុបនៅម្តុំនោះបានថ្លែងថា៖ «វាល្មមដល់ពេលអាចបញ្ចប់បានហើយព្រោះកំណាត់ផ្លូវនេះបានធ្វើពីរបីឆ្នាំមកហើយតែនៅមិនរួចរាល់ទៀត។ ប៉ុន្តែសុំតែម្យ៉ាងទេគឺពេលស្ថាបនាផ្លូវចប់រួចរាល់ស្អាតហើយកុំឲ្យមានការដើរជីកផ្លូវដាក់លូ និងតទឹកជាក្រោយទៀត»។
លោក ហុង ពៅ ចៅសង្កាត់ច្បារអំពៅទី ១ បានប្រាប់ភ្នំពេញប៉ុស្តិ៍អចលនទ្រព្យតាមទូរស័ព្ទកាលពីព្រឹកម្សិលមិញថា៖ «តាមដែលយើងខ្ញុំដឹងថ្វីបើមានការកកស្ទះ និងរាំងស្ទះអាជីវកម្មបន្តិចបន្តួចក្តីគឺប្រជាជនលោកសាទរចំពោះគម្រោងដែលនឹងបញ្ចប់នៅពេលឆាប់នេះៗហើយយើងសង្ឃឹមថាអាជីវកម្មនៅតាមដងផ្លូវនោះនឹងកាន់តែរីកចម្រើនខ្លាំងជាងមុនបន្ទាប់ពីមានផ្លូវស្អាតហើយ»។
លោកបន្តថា៖ «លើសពីផ្លូវគឺប្រជាជនលោកក៏នឹងទទួលបានប្រព័ន្ធទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញដើម្បីផ្តល់ឲ្យពលរដ្ឋលោកអាចប្រើប្រាស់បានយ៉ាងងាយស្រួលជាងមុនព្រោះត្រូវបានរៀបចំបណ្តាញទឹកថ្មីទាំងអស់ដោយបើកឲ្យប្រើប្រាស់ពេលបញ្ចប់ផ្លូវនេះដែរ»។
«ផ្លូវនេះទាំងភាគី Jica របស់ជប៉ុន និងលោកអភិបាលរាជធានីភ្នំពេញបានគិតគូររៀបចំយ៉ាងត្រឹមត្រូវណាស់គឺបន្ទាប់ពីសាងសង់ផ្លូវរួចហើយនោះពុំអនុញ្ញាតឲ្យមានការជីកផ្លូវនោះដើម្បីគោលបំណងផ្សេងៗនោះទេហេតុហ្នឹងហើយបានជាកំណាត់ផ្លូវនេះចំណាយពេលយូរបន្តិចព្រោះមានបំពាក់បណ្ដាញផ្សេងៗទៀតជាមួយប្រព័ន្ធលូរបស់ផ្លូវនេះតែម្តង»។ នេះបើតាមប្រសាសន៍របស់លោក ហុង ពៅ។
យោងតាមការចេញផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៥ កន្លងមកបានឲ្យដឹងថាគម្រោងជួសជុលផ្លូវជាតិលេខ ១ រួមទាំងគម្រោងស្ថាបនាស្ពានត្សឹបាសានៅអ្នកលឿងផងគឺត្រូវបានវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសជប៉ុនដោយចំណាយទឹកប្រាក់សរុបចំនួន ២២១ លានដុល្លារអាមេរិក៕
ប្រភពពី៖ ភ្នំពេញប៉ុស្ត៍