ព័ត៌មានទូទៅ

ក្រុង​សៀមរាប​សង់​ស្ពាន​ថ្ម​បី​បន្ថែម​ទៀត ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍

on .

ទីក្រុង​សៀមរាប ដែល​ធ្លាប់​តែ​កកស្ទះ​ចរាចរណ៍​ត្រង់​ចំណុច​ឆ្លង​កាត់​ស្ទឹង​សៀមរាប តាម​រយៈ​ស្ពាន​តូចៗ​បន្សល់​ពី​សម័យ​មុន​នោះ​អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ​កាន់​តែ​ប្រសើរ​នៅ​ដើម​ត្រី​មាស​ទី២ ឆ្នាំ​២០១៧ ខណៈ​រាជរដ្ឋាភិបាល និង​​អាជ្ញាធរ​ខេត្ត​បាន​សម្ពោធ​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ថ្ម​ថ្មី​ចំនួន​៣​បន្ថែម​ទៀត ជា​ពិសេស​ស្ពាន​ថ្ម​ថ្មី​នៅ​ប្រ៉ប​នឹង​ស្ពានថ្ម នៅ​ក្បែរ​ព្រះ​រាជ​ដំណាក់​តែ​ម្តង​។

លោក សូ ប្លាតុង អភិបាល​ក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា ​៖ «តាម​ផែន​ការ​ស្ពាន​ថ្មី​ទាំង​បី​នេះ​នឹង​ត្រូវ​សាងសង់​ឲ្យ​បាន​ចប់​ជា​ស្ថាពរ​នៅ​មុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ខែ​មេសា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​»​។

02 Siem Reap

លោក ប្លាតុង បាន​បញ្ជាក់​ថា​ ៖ «​ទីក្រុង​សៀមរាប ដែល​លាត​សន្ធឹង​ពី​ទិស​ខាង​ជើង​ទៅ​ខាង​ត្បូង​មាន​ប្រវែង​ជាង​៣០​គីឡូម៉ែត្រ ដោយ​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ស្ទឹង​សៀមរាប​(​គិត​ពី​ស្ពាន​ថ្ម ស្ថិត​នៅ​ខាង​កើត​ប្រាសាទ​អង្គរវត្ត​រហូត​ដល់​ជិត​ភ្នំ​ក្រោម នៃ​មាត់​បឹង​ទន្លេសាប​)»​។

បច្ចុប្បន្ន​នេះ​ទីក្រុង​សៀមរាប ​មាន​ស្ពាន​ថ្ម​សំខាន់ៗ​ជាង​១០​ស្ពាន​ ស្ពាន​ដែក​លាយ​ឈើ​ជិត​១០​ស្ពាន​ និង​ស្ពាន​ឈើ​ឬ​ថ្ម​តូចៗ ចំនួន​៤-៥​ទៀត​។

ប៉ុន្តែ​ដោយ​សារ​កំណើន​ប្រជាសាស្ត្រ​ ការ​រីក​ចម្រើន​ផ្នែក​វិស័យ​ទេសចរណ៍​ និង​ជា​ពិសេស​នៅ​ពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ​ម្តងៗ​ទី​ក្រុង​នេះ​តែង​តែ​កក​ស្ទះ​យ៉ាង​ខ្លាំង​នៅ​តាម​ចំណុច​ស្ពាន​ឆ្លង​កាត់​ស្ទឹង​សៀមរាប​តែ​ម្តង​។

លោក ប្លា​តុង បាន​បញ្ជាក់​ថា​ ៖ «​ស្ពានថ្ម​ទាំង​៣​កន្លែង​នេះ រួម​មាន ទី១-​ស្ពានថ្ម​(​ថ្មី​)​ព្រះ​រាជ​ដំណាក់ មាន​បណ្តោយ​៤៦​ម៉ែត្រ និង​ទទឹង​៨,២០​ម៉ែត្រ​។ ទី២-​ស្ពាន​វត្ត​ពោធិ៍​លង្កា មាន​បណ្តោយ ៣៣​ម៉ែត្រ និង​ទទឹង​៩​ម៉ែត្រ​ និង​ទី៣-​ស្ពាន​វត្ត​ព្រះឥន្ទ​កោសា មាន​បណ្តោយ​៣៣​ម៉ែត្រ និង​ទទឹង​៩​ម៉ែត្រ​»​។ លោក​បន្ត​ថា​ ៖ «​ការ​ស្ថាបនា​ស្ពាន​ទាំង​បី​នេះ រាជ​រដ្ឋាភិបាល​ត្រូវ​ការ​ចំណាយ​ថវិកា​សរុប​អស់​ចំនួន​៣៤៩១​ពាន់​លាន​រៀល (​ស្មើ​នឹង​៨៧២៧៥០​ដុល្លារ​អាមេរិក​)»​។

03 Siem Reap

គួរ​រំព្ញក​ថា ពិធី​សម្ពោធ​បើក​ការ​ដ្ឋាន​សាងសង់​ស្ពានថ្ម​ថ្មី​ទាំងបី​ទីតាំង​នេះ បាន​ប្រារព្ធ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​មក​ថ្មីៗ​នេះ នៅ​ក្បែរ​គល់​ស្ពាន​ថ្ម​ព្រះរាជ​ដំណាក់ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​លោក ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង សាធារណការ និង​ដឹក​ជញ្ជូន​ លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប​និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​រូប​ទៀត​។

តាម​គម្រោង​ការ​ស្ពាន​ថ្មី​ដែល​ត្រូវ​សាងសង់​នៅ​ប្រ៉ប​ពី​ខាង​ជើង​ស្ពាន​ថ្ម​ចាស់​ក្បែរ​ព្រះរាជ​ដំណាក់​នោះ ឆ្លង​កាត់​ស្ទឹង​សៀមរាប តាម​ផ្លូវ​ជាតិ​លេខ​៦ ដោយ​គ្រោង​នឹង​ដាក់​ឲ្យ​ចរាចរណ៍​ជា​ផ្លូវ​ឯកទិស ពី​ទិស​ខាង​កើត​ទៅ​ខាង​លិច​។ ចំណែក​ស្ពាន​ថ្ម​ដែល​មាន​ស្រាប់​នា​បច្ចុប្បន្ន​នេះ​គ្រោង​នឹង​ដាក់​ឲ្យ​ធ្វើ​ចរាចរណ៍​ឯកទិស​ពី​ទិស​លិច​ទៅ​កើត​តាម​ផ្លូវ​ជាតិ​លេខ​៦​ដដែល​។ ព្រោះ​នៅ​ចំណុច​នេះ​ជា​ចំណុច​ចរាចរណ៍​មាន​សភាព​​មមាញឹក​ជាង​គេ​តាម​ផ្លូវ​ជាតិ​លេខ​៦ នៃ​ក្រុង​សៀមរាប​។

លោក ខៀវ សត ចៅ​សង្កាត់​ស្លក្រាម ដែល​មាន​មូលដ្ឋាន​នៅ​ជាប់​ត្រើយ​ខាង​កើត​ស្ទឹង​សៀម-រាប ដែល​គម្រោង​ស្ពានថ្ម​ទាំងបី​នោះ​នឹង​សាងសង់​នៅក្នុង​មូលដ្ឋាន​នៃ​សង្កាត់​នេះ​។

លោក​បាន​សម្តែង​ការរីករាយ​ជាខ្លាំង​ខណៈ​ដែល​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ស្លក្រាម​នេះ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​គម្រោង​​ស្ពានថ្ម​ថ្មី​ទាំងបី​ទីតាំង​។

​លោក​ចៅសង្កាត់​រូបនោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃ​​អង្គារ ដើម​សប្តាហ៍​នេះ​ថា​ ៖ ថ្វីបើ​សង្កាត់​នៅក្នុង​ក្រុង​នេះ​មាន​ស្ពាន​ឆ្លង​កាត់​ស្ទឹង​ចំនួន៨​ស្ពាន​រួច​ហើយ​ក៏​ដោយ ហើយ​ទីតាំង​នៃគម្រោង​ស្ពានថ្ម​ថ្មី​បី​នេះ​មាន​ស្ពាន​ចាស់​ស្រាប់​​ក៏ពិត​មែន​។ ប៉ុន្តែ «​អ្វីដែល​សំខាន់​បំផុត​នោះ គឺ​គម្រោង​នេះ​មាន​រួមទាំង​ការពង្រីក​ផ្លូវ​នៅ​ប្រ៉ប​ខាង​កើត​មាត់​ស្ទឹង ឲ្យ​បាន​ទំហំ​ទទឹង​ផ្លូវ​១១​ម៉ែត្រ និង​ផ្ល​វ​នៅ​ប្រ៉ប​ ខាងលិច​មាត់​ស្ទឹង ឲ្យ​បាន​ទទឹង ៧​ម៉ែត្រ​» ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សត​។

​នៅ​ពេល​សួរថា តើ​មានការ​សាងសង់​ស្ពាន និង​ពង្រីក​ផ្លូវ​ទាំងនោះ​ មាន​ផល​ប៉ះពាល់​ដល់​លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​ដែរឬទេ​? លោក​ចៅសង្កាត់​រូប​នេះ​បាន​ឆ្លើយ​ថា ត្រង់​ចំណុច​សាង​សង់​ស្ពាន​នោះ គឺ​ពុំមាន​បញ្ហា​អ្វី​ឡើយ ព្រោះ​ទីនោះ​ជា​ស្ពាន​​ចាស់​ស្រាប់ ដូចជា​នៅ​ត្រង់​ស្ពាន​វត្ត​ព្រះឥន្ទ​កោសា និង​ស្ពានវត្ត​ពោធិ៍​លង្កា យើង​រុះរើ​ស្ពាន​ឈើ​លាយ​ដែក​ចាស់​នោះ​ចេញ​​ហើយ​សាងសង់​ជា​ស្ពានថ្ម​ថ្មី​ធំ​ជាង​មុន។ ចំណែក​ការពង្រីក​ផ្លូវ​នៅ​ប្រ៉ប​មាត់​ស្ទឹង​ខាងកើត​នេះ​គឺមាន​ផល​ប៉ះពាល់​ដល់​សំណង់​ឯកជន​របស់​ប្រជាជន​ខ្លះៗ​ដែរ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​អាជ្ញាធរ​ក្រុង និង​មូលដ្ឋាន​បាន​វាស់​វែង​កំណត់​ព្រំដី​ឡូ​តិ៍​ទាំង​ឡាយ​នោះ​ដោយមាន​ការ​យល់​ព្រម​ឯកភាព​ពី​ម្ចាស់​ដី​នោះ​រួច​ហើយ​។

​ប៉ុន្តែ​អ្វី​ខូចខាត​ជា​សាធារណៈ​នោះ គឺ​នឹងមាន​ការកាប់​ដើមឈើ​ធំៗ​ចាស់ៗ​មាន​អាយុ​រាប់សិប​ឆ្នាំ​មកហើយ​នោះ ដូចជា ដើម​គគីរ​(​មាន​ចំនួន​តិច​ដើម​) និង​ដើម​យាង​​​ជា​ច្រើន​ដែល​មាន​អាយុ​ប្រហែល​ ៧០-៨០ ​ឆ្នាំ ហើយ​ភាគ​ច្រើន​នោះ​គឺ​ដើម​ម៉ាក់​ប្រា​ងមាន​អាយុ​រង្វង់ ៥០​ឆ្នាំ និង​ដើម​ឈើ​ជា​ដំណាំ​ហូប​ផ្លែ​ខ្លះទៀត​។

​លោក សត បាន​ថ្លែង​ដោយ​រីករាយ​ថា​ ៖ «​យើង​សង្ឃឹម​ថា បន្ទាប់ពី​គម្រោង​នេះ​បញ្ចប់នោះ​មូលដ្ឋាន​មួយចំនួន​នៃ​សង្កាត់​នេះ​ពិតជា​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​សេវាកម្ម​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍ដូចជា អាច​ទាក់​ទាញ​ភ្ញៀវទេសចរ​ពី​ត្រើយ​ខាង​លិច​​ឲ្យ​ឆ្លង​មក​ត្រើយ​ខាង​កើត ពេលនោះ​ផ្ទះ​សំណាក់ សណ្ឋាគារ និង​ភោជនីយដ្ឋាន​មួយ​ចំនួន ប្រាកដ​ជា​ទទួល​បាន​ភ្ញៀវ​ច្រើន​ជាង​មុន​ជាពុំខាន​»​។

«​ការសង្ឃឹម​មួយទៀត​នោះ គឺ​ដី​​នៅ​ត្រើយ​ខាង​កើត​មាត់​ស្ទឹង​នឹង​ឡើងថ្លៃ​ខ្ពស់ជាង​នេះ ខណៈ​ដែល​​បច្ចុប្បន្ន​ដី​នៅ​តំបន់​នេះ​មាន​តម្លៃ​ខ្ពស់បំផុត​ត្រឹមតែ៥០០​ដុល្លារ​​ក្នុង​មួយ​ម៉ែត្រការ៉េ បើ​ប្រៀប​ធៀប​ទៅ​នឹង​ដី​នៅ​ត្រើយ​ខាង​លិច​មាត់​ស្ទឹង តម្លៃ​ជា​មធ្យម​ចន្លោះ​ពី​ជាង​៥០០ ​ទៅ​៧០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​»។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សត​៕

ប្រភពពី៖ ភ្នំពេញប៉ុស្ត៍

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789