ព័ត៌មានទូទៅ

អ្នក​ស្រាវជ្រាវ ៖ បើ​រដ្ឋ​វិនិយោគ​លើ​លំនៅឋាន​មាន​តម្លៃ​សមរម្យ វា​នឹង​ផ្តល់​ប្រយោជន៍​ជា​អតិបរមា​ដល់​ពលករ​បំផ្លាស់​ទី​ក្នុង​ស្រុក និង​ជ្រាប​ទៅ​ដល់​ភូមិ​ស្ថាន​នានា

on .

ក្រោយ​ពី​បាន​ធ្វើ​ការ​សិក្សា និង​ស្រាវជ្រាវ​យ៉ាង​ស៊ី​ជម្រៅ​ពាក់ព័ន្ធ​នឹង​ចលនា​បំផ្លាស់​ទី​របស់​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ប្រាំ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ បណ្ឌិត Laurie Parsons និង​បណ្ឌិត Sabina Lawreniuk បាន​ជួប​ជាមួយ​នឹង Post Property ដើម្បី​បង្ហាញ​ពី​គំនិត​ខ្លះៗ​ទាក់​ទង​នឹង​បំផ្លាស់​ទី​ក្នុង​ស្រុក និង​ឥទ្ធពល​ដ៏​ខ្លាំងក្លា​របស់​វា ដោយ​មិន​ផ្តោត​សំខាន់​តែ​លើ​មុំ​នៃ​សង្គម​សេដ្ឋកិច្ច​នោះ​ទេ​។

បណ្ឌិត Parsons និង Lawreniuk កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ក៏​ដូច​ជា​ផ្តល់​ប្រឹក្សា​ទៅ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ជីវភាព​ក្នុង​ទីក្រុង សិទ្ធិ​ការងារ និង​ស្ថានភាព​ការងារ​។

នៅ​ពេល​នេះ​ពួក​គេ​បាន​ផ្តល់​គំនិត​ខ្លះៗ​ទាក់ទង​នឹង​ស្ថានភាព​នៃ​ពលករ​បំផ្លាស់​ទី ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​បាន​និង​កំពុង​ផ្លាស់​ប្តូរ​ស្ថានភាព​ទីលំនៅ ការ​រស់នៅ និង​សហគមន៍​ផង​ដែរ​។

១.តើ​អ្នក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ស្តីពី​អ្វី​ខ្លះ​ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទាក់ទង​នឹង​បំផ្លាស់​ទី ហើយ​នរណា​ជា​អ្នក​រៀបចំ​ការ​ស្រាវជ្រាវ​នោះ?

បណ្ឌិត Sabina និង​ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ការ​បំផ្លាស់​ទី​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ​។ ពួក​យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​លើ​គម្រោង​មួយ​សម្រាប់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​អន្តរជាតិ (International Development Research Centre)​។

គម្រោង​នេះ​ទៀត​សោត គឺ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បរិវេណ​នៃ​ចលនា​បំផ្លាស់​ទីលំនៅ​របស់​ពលករ ឬ​កម្មករ ស្ថិត​នៅ​ក្នុង​ភូមិ​ទឹក​ថ្លា ដែល​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ដែល​ជា​តំបន់​រស់នៅ​របស់​ប្រជាជន​ផ្លាស់​ប្តូរ​ទីលំនៅ​រាប់​ពាន់​នាក់​។ ពួក​គាត់​ភាគ​ច្រើន​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​រោងចក្រ ដែល​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​នៃ​តំបន់​នោះ​។

ពួក​យើង​បាន​ធ្វើ​ការ​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​ស្តីពី​បំ​ផ្លាស់​ប្តូរ​លំនៅ​ក្នុង​ប្រទេស​នេះ​ជាច្រើន​កន្លែង​តាំង​ពី​ពេល​នោះ​មក ដោយ​សារ​វា​ជា​បញ្ហា​ដែល​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​បំផ្លាស់​ទី​។ វា​ក៏​បាន​ជះ​ឥទ្ធពល​លើ​គ្រប់​ផ្នែក​នៃ​ប្រទេស​នេះ​ផង​ដែរ​។ ទោះ​បី​ជា​ប្រជាជន​ដែល​មិន​ដែល​បាន​ផ្លាស់​ប្តូរ​លំនៅ​សម្រាប់​ការងារ ក៏​ទទួលរង​ឥទ្ធិ​ពល​ពី​សកម្មភាព​បំផ្លាស់​ទីនេះ​ដែរ​។​

២.តើ​មាន​ភាព​ផ្លាស់​ប្តូរ​អ្វីខ្លះ​បាន​កើត​ឡើង​ចាប់​តាំង​ពី​ការ​ស្រាវជ្រាវ​របស់​អ្នក? ហើយ​តើ​ស្ថានភាព​បច្ចុប្បន្ន​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច​ដែរ​?

ក្រោយ​ពេល​ដែល​ការ​ស្រាវ​ជ្រាវ​នេះ​បាន​បញ្ចប់​នៅ​ដើម​ឆ្នាំ​២០១១ ពួក​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​បន្ត​តាម​ដាន​នៅ​តំបន់​ដដែល​នៅ​ឆ្នាំ​២០១៤ ហើយ​យើង​រក​ឃើញ​ថា ស្ថានភាព​ទាំង​មូល​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​។ កាលពី​អំឡុង​ឆ្នាំ​២០០៨ និង​២០១១ សកម្មភាព​បំផ្លាស់​ទី​មាន​ភាព​ស្រដៀង​គ្នា ហើយ​ខុសពី​ជីវិត​របស់​អ្នក​ទីក្រុង​។ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​នៅ​ឆ្នាំ​២០១៤​។ បំផ្លាស់​ប្តូរ​ការ​អនុវត្ត​ការងារ​របស់​រោងចក្រ គួប​ផ្សំ​ជា​មួយ​នឹង​បំផ្លាស់​ទី​មក​កាន់​តំបន់​នេះ​របស់​ប្រជាជន​អ្នក​មាន​មួយ​ចំនួន​តូច បាន​បង្កើត​បរិស្ថាន​បំផ្លាស់​ទី​ប្រភេទ​ថ្មី​មួយ​ផ្សេង​ទៀត​។​

ដោយ​សារ​តែ​រោងចក្រ​បាន​ផ្តល់​ឲ្យ​កិច្ច​សន្យា​ធ្វើ​ការ​អំឡុង​ពេល​ខ្លី​ទៅ​កាន់​កម្មករ ស្ថានភាព​នៃ​ការ​បំផ្លាស់​ទី​របស់​ពួក​គេ​បាន​ផ្លាស់​ប្តូរ​នៅ​ក្នុង​ស្ថានភាព​នេះ​។ ពួក​គេ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​ជា​ញឹក​ញាប់​ជាង​មុន​ហើយ​ជា​ទូទៅ​ចំណាយ​ពេល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​តិច​ជាង​មុន​២៥​ភាគរយ​។ មាន​មនុស្ស​ជាច្រើន​បាន​ធ្វើ​ការ​ចេញ​ចូល​ជា​រៀងរាល់​ប៉ុន្មាន​ខែ​ម្តង។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ផង​ដែរ អ្នក​ផ្លាស់​ប្តូរ​លំនៅ​ដែល​មាន​ភាព​នឹងនរ​ជាង​នេះ​បាន​បើក​អាជីវកម្ម​ដែល​ផ្តោត​សំខាន់​លើ​អ្នក​ផ្លាស់​ប្តូរ​លំនៅ​ដូច​គ្នា​ផង​ដែរ​។

អាជីវកម្ម​ទាំង​នោះ​រួម​មាន ហាង​កាហ្វេ ភោជនីយដ្ឋាន បារ៍ ហើយ​នឹង​ក្លឹប​រាត្រី​ទៀត​ផង​។ ដោយ​ហេតុ​នេះ​ហើយ លក្ខណៈ​របស់​អ្នក​ដូរ​ទីតាំង​ទាំង​នេះ​បាន​ផ្លាស់​ប្តូរ​មក​ផ្តោត​សំខាន់​លើ​ការ​ចំណាយ​ជា​ជាង​ការ​សន្សំ​ប្រាក់​។ កាល​ពី​មុន វា​ជា​តំបន់​ដែល​អ្នក​ផ្លាស់​ប្តូរ​លំនៅ​មក​រស់នៅ ហើយ​សន្សំ​ប្រាក់​រយៈពេល​ពី​៤ ទៅ៥​ឆ្នាំ ដើម្បី​ធ្វើការ​បណ្តាក់ទុន​។ ឥឡូវ​វា​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​អាជីវកម្ម​សម្រាប់​ពួក​គេ​។

ទាំង​នេះ​បាន​ន័យ​ថា តំបន់​នេះ​ត្រូវ​បាន​ចែក​ជា​ពីរ​ផ្នែក​ដោយ​ទ្រព្យសម្បតិ្ត​។ ចំពោះ​ប្រជាជន​ដែល​ត្រូវ​ការ​ផ្គត់ផ្គង់​គ្រួសារ ពួក​គេ​សឹង​តែ​ត្រូវ​ឃុំឃាំង​ខ្លួន​ឯង​ទុក ដោយ​សារ​តម្លៃ​ទំនិញ​បាន​កើន​ឡើង និង​អស្ថិរភាព​ក្នុង​ការងារ​របស់​ពួក​គេ​។ ពួក​គេ​មិន​ហ៊ាន​ចេញ​ពី​បន្ទប់​របស់​ពួក​គេ ឬ​ចំណាយ​ប្រាក់​លើ​អ្វី​ក្រៅ​ពី​វត្ថុ​ដែល​ចាំ​បាច់​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​។

៣.តើ​ប្រជាជន​បំផ្លាស់​ទី​ជា​បណ្តោះ​អាសន្ន​នេះ​ស្នាក់​នៅ​ទីណា​នៅ​ក្នុង​ទីក្រុង​ធំៗ និង​ក្នុង​ភ្នំពេញ​?

ប្រជាជន​បំផ្លាស់​ទី​ភាគ​ច្រើន​រស់នៅ​ក្នុង​ប្លុក​ផ្ទះ​ជួល​ដែល​នៅ​ជិត​រោងចក្រ ឬ​ទីកន្លែង​ដែល​ពួក​គេ​ធ្វើ​ការ​។ ពួក​គេ​រស់នៅ​ជាមួយ​នឹង​មនុស្ស​ប៉ុន្មាន​នាក់​ទៀត ដើម្បី​កាត់​បន្ថយ​ចំណាយ​លើ​ប្រាក់​ជួល​បន្ទប់​ដែល​បាន​ឡើង​ថ្លៃ​១៧៥​ភាគរយ​នៅ​ ចន្លោះ​​ការ​ស្រាវជ្រាវ​ទាំង​ពីរ​របស់​ពួក​យើង​។

សម្រាប់​អ្នក​ដែល​មាន​លទ្ធភាព គេ​មិន​ជួល​បន្ទប់​តែ​ម្តង​ដោយ​សារ​តម្លៃ​ថ្លៃ​ជួល​ដែល​កើន​ឡើង​ខ្លាំង​ពេក​នេះ​។ ឧទាហរណ៍ កម្មករ​សំណង់​តែង​តែ​ស្នាក់​នៅ​ការ​ដ្ឋាន​សំណង់​តែ​ម្តង នៅ​ពេល​ដែល​ពួក​គេ​អាច​ធ្វើ​បាន​។ ពួក​គេ​តម្លើង ​គ្រែ និង​​ឧបករណ៍​ប្រើប្រាស់ ដូចជា​ភ្លើង​បំភ្លឺ​នៅក្នុង​អគារ ដែល​ត្រូវបាន​សាងសង់​ហើយ​ពាក់​កណ្តាល​។ អ្នក​ខ្លះ​ថែម​ទាំង​នាំ​គ្រួសារ​របស់​ខ្លួន​មក​រស់​នៅ​ការ​ដ្ឋាន​សំណង់​ជាមួយ​គេ​ទៀត​ផង​។

នៅ​មាន​អ្នក​បំផ្លាស់​ទីលំនៅ​ជាច្រើន​ប្រភេទ​ទៀត​ក្រៅពី​អ្នក​ដែល​មាន​ការងារ​ប្រចាំខែ​។ អ្នក​សុំ​ទាន​ភាគ​ច្រើន​ជា​អ្នក​បំផ្លាស់​ទី​ជា​រង្វង់​។ ពួក​គេ​ធ្វើ​ដំណើរ​ទៅ​មក​រវាង​ផ្ទះ​នៅឯ​ខេត្ត​របស់​ពួក​គេ និង​ក្រុង​នៅ​ពេល​ដែល​គេ​អស់​អង្ករ​ហូប​។ ពួក​គេ​មាន​កន្លែង​ស្នាក់​នៅ​សម្រាប់​អ្នក​សុំ​ទាន និង​អ្នក​បំផ្លាស់​ទី​ដែល​ទទួល​បាន​ប្រាក់​ ចំណូល​ទាប​ផ្សេងៗ​ទៀត ដោយ​ជួល​កន្លែង​ស្នាក់​នៅ​មាន​តម្លៃ​តែ​១៥០០​រៀល​ក្នុង​មួយ​យប់ សម្រាប់​កន្លែង​ដេក​មួយ​នៅ​លើ​​ឥដ្ឋ​នៅ​ក្នុង​បន្ទប់​ដ៏​ធំ​មួយ​ជាមួយ​នឹង​អ្នក​ដទៃ​ជាច្រើន​នាក់​ទៀត​។

ភាគ​ច្រើន​នៃ​កន្លែង​ស្នាក់​នៅ​ទាំង​នេះ​ស្ថិត​នៅ​តាម​ជាយ​ក្រុង​ភ្នំពេញ ដែល​ជា​ទីតាំង​របស់​រោង​ចក្រ​ភាគច្រើន​។ តំបន់​ខ្លះ​ដូចជា​ទឹក​ថ្លា និង​ស្ទឹង​មាន​ជ័យ​ មាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ ក៏​ដូច​ជា​តំបន់​ខ្លះ​ដូច​ជា ពោធិ៍​សែន​ជ័យ ចោមចៅ ស្ទឹងមាន​ជ័យ និង​ចាក់​អង្រែ ជាដើម​។

៤.តើ​អ្នក​អាច​បង្ហាញ​បញ្ហា​សំខាន់ៗ ដែល​អ្នក​រក​ឃើញ​ទាក់ទង​នឹង​អ្នក​បំផ្លាស់​ទី​លំនៅ​បណ្តោះ​អាសន្ន​របស់​ជន​ទាំង នេះ​បាន​ទេ?

ការ​បំផ្លាស់​ទី​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​នេះ​ពិត​ជា​បាន​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច និង​ការ​ប្រើប្រាស់​ដី​របស់​ទីក្រុង​នេះ​មែន​។ មូល​ហេតុ​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​របស់​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ គឺ​ការ​ដែល​ដី និង​អចលនទ្រព្យ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ទាំង​នៅក្នុង​ក្រុង និង​ជាយក្រុង​ក្នុង​ពេល​តែ​មួយ​។ មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ​ជាច្រើន​កំពុង​កើត​ឡើង​នៅ​កណ្តាល​ក្រុង ហើយ​តំបន់​រោងចក្រ​កាត់​ដេរ និង​កម្មករ​របស់​ពួក​គេ​ក៏​ត្រូវ​ការ​កន្លែង​ធ្វើ​ការ និង​ស្នាក់​នៅ​ផង​ដែរ​។

ទាំង​អស់​នេះ​ធ្វើ​ឲ្យ​ប្រជាជន​ធម្មតា​មិន​អាច​ទិញ​អចលនទ្រព្យ​នៅ​ក្នុង​ក្រុង​បាន។ ប្រជាជន​ភាគ​ច្រើន​មាន​អចលនទ្រព្យ​ខ្លះ ទោះបី​ជា​មាន​បញ្ហា​លើ​ប្លង់​ក៏ដោយ​។ តែ​សម្រាប់​អ្នក​ដែល​គ្មាន​អចលនទ្រព្យ​អ្វី​ទាំង​អស់​ គេ​មិន​សូវ​មាន​ឱកាស​អាច​សន្សំ​ប្រាក់​បាន​សម្រាប់​ទិញ​ផ្ទះ​នោះ​ទេ​។

អ្នក​ឈ្នះ​ គឺជា​អ្នក​ដែល​មាន​ដី​មុន​ពេល​រោងចក្រ​បាន​មក​ដល់ និង​បាន​សង់​ផ្ទះ​ជួល​។ ខណៈ​ដី​ជាច្រើន​ជា​ដី​ចម្ការ​នៅ​ពេល​នោះ​។ ផ្ទះ​ជួល​ស្រួល​ក្នុង​ការ​សាង​សង់ ហើយ​បាន​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ដែល​នាំ​មក​នូវ​ប្រាក់​ជួល​ជាច្រើន​។

ដូច្នេះ​ហើយ​ អ្នក​ចម្ការ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​ប្លាយ ជាច្រើន​បាន​ក្លាយ​ទៅជា​អ្នក​មាន​ល្មម​ដែរ​តាម​វិធី​នេះ​។ ជាការ​ពិត​ណាស់​ ទោះ​បីជា​ពួក​គេ​មិន​បាន​សាងសង់​អគារ​អ្វី​ក៏​ដោយ ដី​របស់​ពួក​គេ​ក៏បាន​ឡើង​ថ្លៃ​ដែរ ដោយ​សារ​វា​ត្រូវ​បាន​បញ្ចូល​ជា​ផ្នែក​មួយ​នៃ​ទីក្រុង​។​

៥.ក្រោយ​ពី​ការ​ស្រាវជ្រាវ​ត្រូវ​បាន​បញ្ចប់ តើ​មាន​ដំណោះស្រាយ​អ្វី​ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ទេ​?

ទាក់ទង​នឹង​អ្នក​ធ្វើ​ការ​បំផ្លាស់​ទីលំនៅ​ដែល​កំពុង​ទទួល​សម្ពាធ​ពី​ថ្លៃ​ផ្ទះ​ជួល​ដែល​ឡើង​ខ្ពស់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​ខិតខំ​ខ្លះ​ក្នុង​ការ​អនុវត្ត​ការ​គ្រប់គ្រង រួម​មាន​ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ជាតិ​កាល​ពី​ឆ្នាំ​ទៅ​។ យើង​នៅ​កំពុង​រង់ចាំ​មើល​ប្រសិទ្ធភាព​របស់​ច្បាប់​ទាំង​នេះ តែ​យ៉ាង​ហោច​ណាស់​ក៏​វា​ជា​ជំហាន​ត្រឹម​ត្រូវ​មួយ​ផង​ដែរ​។

នៅ​ពេល​បច្ចុប្បន្ន​នេះ ម្ចាស់​ផ្ទះ​នៅ​តំបន់​បំផ្លាស់​ទី​លំនៅ​បាន​ដំឡើង​ថ្លៃ​ជួល​បន្ទប់​ក្រោយ​ពេល​គេ​ធ្វើការ​ដំឡើង​ប្រាក់​បៀវត្សរ៍​អប្បបរមា​ដល់​កម្មករ​រោងចក្រ​។ ដូច្នេះ​ក្រោយ​ពេល​ការ​ចចារ​តឹង​ស​សៃ​ក​របស់​សហជីព និង​អ្នក​អនុវត្ត​ក៏​មាន​យុទ្ធនាការ​ក្នុង​តំបន់​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​។

ផ្នែក​មួយ​នៃ​បញ្ហា​គឺ​ភាព​បណ្តោះ​អាសន្ន​ដែល​កំពុង​កើន​ឡើង​របស់​ការងារ​បំផ្លាស់​ទីលំនៅ​។ ម្ចាស់​ផ្ទះ​មិន​ខ្វល់​ឬ​ចាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ជួល​ជួល​បាន​យូរ​នោះ​ទេ​។

ពួក​គេ​និយាយ​ថា​ ៖ «ប្រសិន​បើ​បន្ទប់​ទំនេរ វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ​។ តែ​មួយ​អាទិត្យ​នឹង​មាន​គេ​មក​នៅ​ហើយ​»​។ ឥរិយាបថ​របៀប​នេះ​បាន​នាំ​ឲ្យ​ម្ចាស់​ផ្ទះ​ជាច្រើន​ដំឡើង​ប្រាក់​បង់​អគ្គីសនី និង​ទឹក និង​តម្លៃ​ថេរ​១០ ដុល្លារ​សម្រាប់​សេវាកម្ម​ទាំងនេះ​ទៀត​។ គេ​បាន​មើល​ឃើញ​ថា មាន​ក្រុមហ៊ុន និង​ម្ចាស់ផ្ទះ​ជាច្រើន​ដំឡើង​កុង​ទ័រ ដែល​វាស់​អគ្គីសនី​លើស​ពី​ចំនួន​ដែល​គេ​បាន​ប្រើ​ទៀត​ផង​។

៦.ជា​មួយ​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា តើ​អ្នក​រំពឹង​ឃើញ​ថា ប្រជាជន​មក​ពី​ខេត្ត​ផ្សេងៗ​ទាំង​នេះ នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​ជា​អចិន្រៃ្តយ៍​ឬ​ទេ​?

ផ្ទុយ​ពី​នេះ​ទៅ​វិញ​ទេ​។ ប្រជាជន​ខ្លះ​ស្នាក់​នៅ​អំឡុង​ពេល​វែង តែ​មាន​ប្រជាជន​មួយ​ចំនួន​តូច​ដែល​បាន​មក​រស់នៅ​តាំង​ពី​យូរ ឬ​ដែល​មាន​លទ្ធភាព​សន្សំ​ប្រាក់​បាន​គ្រប់គ្រាន់ ឬ​ខ្ចី​ប្រាក់​ពី​គ្រួសារ​ដែល​មាន​ជាង​ខ្លួន បាន​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​។ និន្នាការ​ដែល​មាន​សក្តានុពល​ជាង​គេ គឺ​ការ​ដែល​ប្រជាជន​ធ្វើ​ការ​ផ្លាស់​ទីលំនៅ​រវាង​ខេត្ត និង​ក្រុង​ក្នុង​រយៈពេល​ខ្លី​ទៅៗ ខណៈ​ពេល​ដែល​តំបន់​ទាំង​ពីរ​នេះ​បាន​ត​ភ្ជាប់​គ្នា​ជិត​ទៅៗ​។

បច្ចុប្បន្ន​នេះ កសិករ​ខ្នាតតូច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិបាក ដោយ​សារ​សម្ពាធ​អាកាសធាតុ​បាន​បង្កើន​ហានិភ័យ​ខ្ពស់​សម្រាប់​កសិកម្ម និង​ជាទូទៅ​បន្ថយ​ទិន្នផល​។ តែ​បំផ្លាស់​ប្តូរ​សេដ្ឋកិច្ច​ក៏​សំខាន់​ផង​ដែរ​។ ខណៈ​ពេល​ដែល​ប្រជាជន​ជា​ច្រើន​កំពុង​ធ្វើ​ការ​បំផ្លាស់​ទី​ដើម្បី​ស្វែងរក​ការងារ ប្រាក់​ខែ​នៅ​ទីជនបទ​បាន​កើន​ឡើង​បី​ដង ដោយ​សារ​តែ​ការ​ចុះ​ថយ​នៃ​កម្លាំង​ពលកម្ម​។ នេះ​ហើយ​ជា​ហេតុ​ដែល​អ្នក​បំផ្លាស់​ទី​ជាច្រើន​ត្រឡប់​ទៅ​ធ្វើ​ស្រែ​ចម្ការ​តាម​គ្រួសារ​របស់​គេ​ពេល​ដែល​ពួក​គេ​អាច​ធ្វើ​វា​បាន​ចំណូល​ច្រើន​ជាង​។ ឪពុក​ម្តាយ​ ឬ​គ្រួសារ​របស់​ពួក​គេ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ជួល​អ្នក​ដទៃ​មក​ធ្វើ​ការ​ជំនួស​ពួក​គេ​បាន​នោះទេ​។​

ដូច្នេះ​ហើយ​វា​បាន​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​មួយ​។ គំនិត​អ្នក​ជនបទ និង​ទីក្រុង​មិន​មាន​ប្រសិទ្ធភាព​ទៀត​នោះ​ទេ​។ ជីវភាព​គ្រួសារ​រស់នៅ​ពីរ​តំបន់​នេះ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ផ្នែក​រូបរាង​កាយ គឺ​នរណា​ក៏​ប៉ះពាល់​ដោយ​បញ្ហា​នេះដែរ​។ ទោះ​បី​ជា​ជីដូន​ជីតា​ដែល​មាន​អាយុ​ចាស់​ពេក​មិន​អាច​ធ្វើ​ការ​បាន ក៏​បាន​ផ្លាស់​ទី​ចម្ងាយ​ឆ្ងាយៗ​នៅ​ក្នុង​ប្រទេស​ជា​ទៀង​ទាត់ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​​របស់​ចៅៗ​អាច​រក​ប្រាក់​កម្រៃ​នៅ​ក្នុង​ក្រុង ហើយ​អាច​រស់នៅ​ជាមួយ​នឹង​កូន​របស់​ពួក​គេ​បាន​។

៧.តើ​អ្នក​គិត​ថា ការ​ដែល​រាជរដ្ឋាភិបាល​មិន​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​សាងសង់​គេហដ្ឋាន​សាធារណៈ​សម្រាប់​ប្រជាជន ក៏​ដោយ​សារ​តែ​ពួក​គេ​គិត​ថា ចលនា​បំផ្លាស់​ទីនេះ​មិន​ឋិត​ឋេរ​ដែរ ហើយ​ពួក​គេ​មិន​គួរ​សាងសង់​គេហដ្ឋាន​អចិន្រៃ្តយ៍​ដែល ​មាន​តម្លៃ​សមរម្យ ឬ​ថោក​នោះ​ទេ​?

ខ្ញុំ​មិន​គិត​ថា រាជរដ្ឋាភិបាល​យល់​ដឹង​ច្បាស់​ពី​ស្ថានភាព​បំផ្លាស់​ទី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ឡើយ​។ អ្នក​បង្កើត​ច្បាប់​ជាទូទៅ​តែង​តែ​មាន​គំនិត​ដែល​សាមញ្ញ ហើយ​ភាគ​ច្រើន​អវិជ្ជមាន និង​ផ្តោត​តែ​លើ​ផ្នែក​សេដ្ឋកិច្ច ទាក់ទង​នឹង​បំផ្លាស់​លំនៅ​។ ដោយ​ហេតុ​នេះ​ហើយ​អ្នក​បំផ្លាស់​លំនៅ​ភាគ​ច្រើន​ទទួល​បាន​សំណង​មិន​គ្រប់គ្រាន់ ហើយ​ទទួល​បាន​សេវាកម្ម​អន់​នៅ​កន្លែង​ដែល​គេ​ផ្លាស់​ទី​ទៅ​ដល់​។

តម្លៃ​រស់នៅ​ខ្ពស់ បាន​និង​កំពុង​បន្ត​កើន​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ន័យ​ថា កម្មករ​មិន​អាច​ទទួល​យក​ការ​បន្ថយ​ប្រាក់​ខែ​ផ្សេងៗ​នោះ​ទេ​។

ប្រសិន​បើ​រោង​ចក្រ​មួយ​បញ្ឈប់​ការងារ​របស់​ពួក​គេ​ដោយ​មិន​ឲ្យ​ដំណឹង​ជាមុន ដែល​ស្ទើរ​តែ​ក្លាយ​ជា​ប្រការ​ធម្មតា​មួយ​នៅក្នុង​វិស័យ​កាត់​ដេរ​ទៅ​ហើយ នោះ​ពួក​គេ​ (​កម្មករ​)​ មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ជា​ជាង​ស្វែងរក​ការងារ​ថ្មី ដោយ​សារ​ពួក​គេ​មិន​អាច​ទទួល​បាន ឬ​រង់ចាំ​ប្រាក់​បៀវត្សរ៍​នៅ​ក្នុង​ខែ​ទីមួយ​នោះ​ទេ​។

ប្រការ​នេះ​នាំ​ឲ្យ​មាន​បញ្ហា​ដ៏​ធំ​មួយ​សម្រាប់​កម្មករ និង​គ្រួសារ​របស់​ពួក​គេ ដែល​ពឹង​ផ្អែក​លើ​ប្រាក់​ខែ​របស់​ពួក​គេ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ​។

ដោយ​ហេតុ​នេះ​ហើយ គេហដ្ឋាន​ដែល​មាន​តម្លៃ​ថោក និង​សមរម្យ​សម្រាប់​អ្នក​ធ្វើ​ការងារ​បំផ្លាស់​លំនៅ​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​កម្មករ និង​ទៅ​ដល់​ភូមិ​ជនបទ​របស់​ពួក​គេ ដែល​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការ​បន្ធូរ​នៃ​ថ្លៃ​ផ្ទះជួល​ច្រើន ហើយ​គេ​អាច​ផ្ញើរ​ប្រាក់​ទៅ​ផ្ទះ​បាន​ច្រើន​ជាង​មុន។

វា​នឹង​ជួយ​ឲ្យ​ជីវភាព​របស់​កម្មករ​មាន​ភាព​ជាក់​លាក់​ជាង​មុន​។ វា​ក៏​ជួយ​ឲ្យ​ពួក​គេ​បណ្តាក់​ទុន​ទាំង​នៅ​មូលដ្ឋាន និង​ទីក្រុង​ដែល​នាំមក​នូវ​អត្ថ​ប្រយោជន៍​ច្រើន​ជាង​មុន​ជា​អតិបរមា​។

ជា​ចុង​ក្រោយ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ អ្វី​ដែល​អាច​ជួយ​ឲ្យ​ជីវិត​របស់​អ្នក​ធ្វើ​ការងារ​បំផ្លាស់​ទី​លំនៅ​ល្អ​ជាង​មុន រមែង​តែង​តែ​នាំ​មក​នូវ​អត្ថ​ប្រយោជន៍​ដល់​មនុស្ស​ជា​ច្រើន​ថែម​ទៀត​នៅ​ឯ​ទី​ជន​បទ​៕

ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍

 


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789