ព័ត៌មានទូទៅ

របាយការណ៍​ចុង​ក្រោយ​ថា​ ការ​អភិវឌ្ឍ​នៅ​ខណ្ឌ​សែន​សុខ​កំពុង​នាំ​មុខ​ទួល​គោក

on .

របាយការណ៍​ចុង​ក្រោយ​​អំពី​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្រុង​ភ្នំពេញ ពី​ក្រុមហ៊ុន Vtrust Appraisal បាន​បង្ហាញ​ថា ការ​អភិវឌ្ឍ​នៅ​ខណ្ឌ​សែន​សុខ កំពុង​កើន​ឡើង​ប្រកិត​គ្នា​នឹង​ខ​ណ្ឌ​ទួល​គោក​ហើយ ចំណែក​ឯ​តម្លៃ​ដី​ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ​។

របាយការណ៍​របស់ Vtrust និយាយ​ថា ខណ្ឌ​ទាំង​២​ដែល​ស្ថិត​នៅ​ភូមិ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​នៃ​រាជធានី​ភ្នំពេញ កំពុង​តែ​មាន​សន្ទុះ​កើន​ឡើង​លើ​គម្រោង​អគារ​ពាណិជ្ជកម្ម និង​អគារ​លំនៅឋាន​ផង​ដែរ​។

ក្រុមហ៊ុន Vtrust បាន​ហៅ​សន្ទុះ​បោះ​ជំហាន​ទៅ​មុខ​របស់​ខណ្ឌ​សែន​សុខ ដែល​ស្ថិត​នៅ​តំបន់​ជាយ​ក្រុង​នេះ​ថា ជា​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ផ្នែក​អភិវឌ្ឍន៍ ពិសេស​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សំណង់​អគារ​លំនៅឋាន​ចម្រុះ​ផង​ដែរ ដែល​មាន​ដូច​ជា​អគារ​ខ្ពស់ៗ និង​កំណើន​តម្លៃ​ដី​កាល​ពី​រយៈ​ពេល ៣​ឆ្នាំ​កន្លង​ទៅ​។

របាយការណ៍​នេះ​បាន​សរសេរ​ថា​ ៖ «​ការ​រីក​ចម្រើន​លូត​លាស់​នេះ​នឹង​បន្ត​ទៅ​មុខ​ទៀត ដែល​វិនិយោគិន​បាន​មើល​ឃើញ​នូវ​ចំណុច​វិជ្ជមាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​»។

កាល​ពី​ចុង​ឆ្នាំ​២០១៣ តម្លៃ​ដី​នៅ​ក្នុង​ខណ្ឌ​សែន​សុខ មាន​តម្លៃ ៣៨០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។ នៅ​ត្រឹម​ឆមាស​ដំបូង​នៃ​ឆ្នាំ​នេះ តម្លៃ​ដី​បាន​ហក់​ឡើង​ដល់​៦៩០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដែល​ជា​កំណើន​រហូត​ដល់​ទៅ​២៧​ភាគរយ​ក្នុង​មួយ​ឆ្នាំៗ​ចាប់​ពី​ឆ្នាំ​២០១៣​រហូត​មក។

របាយការណ៍​នេះ​បាន​លើក​ឡើង​ថា កាល​ពី​មួយ​ទសវត្សរ៍​មុន តំបន់​ជាយ​ក្រុង​នៅ​ភាគ​ខាង​ជើង​នៃ​ខណ្ឌ​ទួលគោក គឺជា​តំបន់​គោល​ដៅ​ដ៏​សំខាន់​សម្រាប់​ការ​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​ក្រៅ​ពី​តំបន់​កណ្តាល​ក្រុង​ភ្នំពេញ ដោយ​សារ​តែ​ទំហំ​ដី​ទំនេរ​ដ៏​ធំ និង​បណ្តាញ​ផ្លូវ​ថ្នល់​ងាយ​ស្រួល​ទៅ​កាន់​តំបន់​នៅ​កណ្តាល​ទីក្រុង​។

កត្តា​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​កើន​ឡើង​ក្នុង​ខណ្ឌ​នេះ ដែល​ជា​មធ្យម​គឺ​មាន​តម្លៃ​១១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​នៅ​ក្នុង​ឆ្នាំ​២០០៥ ហើយ​ឡើង​រហូត​ដល់​ទៅ ២៥៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គិត​ត្រឹម​ត្រី មាស​ទី​១​នៃ​ឆ្នាំ​នេះ​។

​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី របាយ​ការណ៍​នេះ ក៏​បាន​បញ្ជាក់​ថា ផ្នែក​ជាច្រើន​ទៀត​ក្នុង​ខណ្ឌ​ទួល​គោក​នេះ​ហាក់​បី​ដូច​ជា​លែង​ឡើង​ថ្លៃ​ជាង​នេះ​ទៀត​ហើយ «​ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ គម្រោង​វិនិយោគ និង​ស្ថានភាព​ឱកាស ដែល​មាន​អំណោយ​ផល​ហាក់​ធ្លាក់​ចូល​ទៅ​ក្នុង​ខណ្ឌ​ផ្សេងៗ​ទៀត ដូចជា​នៅ​តាម​តំបន់​ជាយ​ខណ្ឌ និង​ខណ្ឌ​ដែល​នៅ​ជាប់​គ្នា​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ទាប​ជាង និង​មាន​អំណោយ​ផល​ជាង​»។

របាយការណ៍​នេះ​ក៏​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​នឹង​ការ​ប្រជែង​គ្នា​ក្នុង​ការ​ប្តូរ​តំបន់​វិនិយោគ​ពី​ចំណុច​កណ្តាល​ទីក្រុង​ទៅ​តំបន់​ជាយក្រុង​វិញ​ដើម្បី​ចៀសវាង​ការ​វិនិយោគ​លើ​ដី ដែល​កំពុង​តែ​កើន​ឡើង​យ៉ាង​គំហុក នូវ​ចរាចរណ៍​កក​ស្ទះ និង​តំបន់​ដែល​មាន​មនុស្ស​ច្រើន​កុះករ​ពេក​នោះ​ប្រជាជន​ភាគ​ច្រើន​បាន​ផ្លាស់​ប្តូរ​ទៅ​រស់នៅ និង​បង្កើត​ជា​សហគមន៍ និង​ក្រុង​ថ្មីៗ​បន្ថែម​ទៀត​។

សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ Vtrust ក៏​បាន​និយាយ​អំពី​គម្រោង​ថ្មីៗ​ ដែល​មាន​រួម​មាន​ទាំង​គម្រោង​ផ្សារ​អ៊ីអន​ម៉ល ដែល​ត្រូវ​បាន​គ្រោង​រួច​រាល់ ហើយ​នឹង​ត្រូវ​សាងសង់​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​។

«​កត្តា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មាន​តម្រូវការ​ដី​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​តំបន់​នោះ​ដែល​រួម​មាន​ទាំង​ផ្ទះ និង​ដី​ឡូត៍ ហើយ​បាន​ធ្វើ​ឲ្យ​ដី​នៅ​តំបន់​នេះ​មាន​តម្លៃ​កើន​ឡើង​យ៉ាង​រហ័ស​បំផុត​»៕

ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789