ព័ត៌មានទូទៅ

ក្រុង​សៀមរាប ​កំពុង​រៀបចំ​ធ្វើ​បច្ចុប្បន្ន​ភាព​ប្លង់​មេ

on .

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ចំនួន​ប្រជាជន​សម្រុក​ចូល​ទៅ​រស់​នៅ​ជា​អចិន្រៃ្តយ៍​នៅ​ក្នុង​ទីក្រុង​សៀមរាប ទីតាំង​ភូមិសាស្ត្រ​រដ្ឋបាល​របស់​ទីក្រុង​នេះ បាន​ពង្រីក​ខ្លួន​កាន់​តែ​ធំ​ជាង​មុន​ស្ទើរ​តែ​ស្មើ​នឹង​មួយ​ភាគ​បី​បន្ថែម​ទៀត ដោយ​បាន​ពង្វាត​បង្កើន​យក​ឃុំ-សង្កាត់​ចំនួន​បី​ទៀត នៅ​ក្បែរ​នោះ​មក​ធ្វើ​ជា​មូលដ្ឋាន​របស់​ក្រុង​នេះ​បន្ថែម​ទៀត​។

លោក សូ ប្លាតុង អភិបាល​ក្រុង​សៀមរាប បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ​ថា​ ៖ «​បច្ចុប្បន្ន​អាជ្ញាធរ​ក្រុង​សៀមរាប កំពុង​សិក្សា​ផែន​ការ​អភិវឌ្ឍ​ទីក្រុង ដោយ​ធ្វើ​បច្ចុប្បន្ន​ភាព​ឡើង​ដើម្បី​ឲ្យ​ការ​អភិវឌ្ឍ​ស្រប​ទៅ​នឹង Master Plan (​គម្រោង​ប្លង់​មេ​) របស់​យើង​» ព្រោះ​ចំនួន​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​នេះ បាន​កើន​ឡើង​ទ្វេ​ដង​ហើយ​។

លោក​បន្ត​ថា​ ៖ «​កន្លង​មក​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​អប្សរា បាន​សហការ​ជាមួយ​អង្គការ Jica របស់​ជប៉ុន​ អង្គការ DED របស់​អាល្លឺម៉ង់ ក្នុង​នាម​សហគមន៍​អឺរ៉ុប បាន​ចូលរួម​សិក្សា និង​បង្កើត​ជា Master Plan ទីក្រុង​នេះ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៦ រហូត​បាន​បញ្ចប់​វា​នៅ​ឆ្នាំ​២០១០​។ ប៉ុន្តែ​រយៈពេល​ហ្នឹង វា​មាន​ការ​ប្រែប្រួល​ខ្លះៗ​ទៀត​។ អ៊ីចឹង​ហើយ​យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​(​វា​) ដោយ​សហការ​ជា​មួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ មន្ទីរ​ ខេត្ត និង​ក្រុម​ការងារ​នគរូបនីយកម្ម​»​។

ដោយ​អះអាង​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​នោះ​អាច​នឹង​រៀបចំ​នៅ​ក្នុង​ពេល​ឆាប់ៗ​ ប៉ុន្តែ​ពុំ​អាច​កំណត់​ពេល​ច្បាស់លាស់​នៅ​ឡើយ​នោះ លោក ប្លាតុង បាន​សម្តែង​ក្តី​សង្ឃឹម​ថា ​៖ «​ដោយ​សារ​យើង​មាន​ទិន្នន័យ​គ្រប់​គ្រាន់​រួច​ហើយ​នោះ ដូច្នេះ​វា​នឹង​មិន​ចំណាយ​ពេល​វេលា​ច្រើន​ដើម្បី​ថ្នាក់​ដឹក​នាំ​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់ Master Plan នេះ ហើយ​បើ​មាន​ចំណុច​កែ​សម្រួល​ក៏​ប្រហែល​មាន​តិច​តួច​ប៉ុណ្ណោះ​»។

ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​សំណង់​នានា​នៅ​ក្នុង​ខេត្ត​សៀមរាប លោក បា្លតុង បាន​ឲ្យ​ដឹង​ថា​ ៖ «​ជា​គោលការណ៍ ​យើង​គោរព​តាម​អនុក្រឹត្យ​លេខ​៨៦ ដែល​នៅ​តែ​មាន​សុពលភាព​នោះ គឺ​រាល់​សំណង់​នានា នៅ​លើ​ទឹកដី​ក្រុង​សៀម​រាប គឺ​អនុញ្ញាត​ឲ្យ​សាងសង់​បាន​តែ​ត្រឹម​កម្ពស់​ពី​ចន្លោះ​ ១២ ​ដល់​ ១៤ ​ម៉ែត្រ​តែ​ប៉ុណ្ណោះ​»។

01 siemreap 2

លោក ប្លាតុង បាន​បន្ថែម​ថា សព្វ​ថ្ងៃ​ដោយ​សារ​ចំនួន​ប្រជាពល​រដ្ឋ​កាន់​តែ​ច្រើន​បាន​សម្រុក​មក​ស្វែងរក​ការងារ​ធ្វើ ប្រកប​អាជីវកម្ម និង​ជា​ពិសេស​មក​រស់​នៅ​ក្នុង​ក្រុង​សៀមរាប នា​ទសវត្សរ៍​ចុង​ក្រោយ​នេះ «​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​ចំនួន​ប្រជាជន​សរុប​រស់​នៅ​ក្នុង​ទីក្រុង​នេះ​បាន​កើន​ឡើង​ប្រហែល​ទ្វេ​ដង​គឺ​រហូត​ដល់​ ២៥០០០០​នាក់ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដប់​ឆ្នាំ​មុន មាន​ប្រជាជន​សរុប​តែ ១២​ម៉ឺន​នាក់​ប៉ុណ្ណោះ​»។

លោក​បន្ត​ថា​ ៖ «​ចំនួន​ប្រជាជន​កើន​ឡើង​ច្រើន​ក៏​មាន​តម្រូវ​ការ​ទីតាំង និង​លំនៅ​ឋាន​សម្រាប់​រស់នៅ​កាន់​តែ​ច្រើន​ផង​ដែរ​។ អ៊ីចឹង​ហើយ​កាល​ពី​ឆ្នាំ​២០០៩ រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​កាត់​ឃុំ​សង្កាត់​ចំនួន​បី​មក​ដាក់​បញ្ចូល​ក្នុង​ក្រុង​សៀមរាប ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ទំហំ ៤៧២,៧៣​គីឡូម៉ែត្រ​ការ៉េ​»​។ ចំពោះ​ឃុំ​ឬ​សង្កាត់​ថ្មី​ទាំង​នោះ​រួម​មាន សង្កាត់​ទឹក​វិល ក្របី​រៀល និង​សង្កាត់​ពួក​។​

«​មុន​ឆ្នាំ​២០០៩ ទីក្រុង​សៀមរាប​ មាន​មូលដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​តែ​ចំនួន ១០​ សង្កាត់​ទេ ខណៈ​បច្ចុប្បន្ននេះ​បាន​កើន​ឡើង​រហូត​ដល់ ១៣​សង្កាត់ ដោយ​មាន​ភូមិ​សរុប​រហូត​ដល់​ ១០៨ ​ភូមិ​»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក បា្លតុង​។ «​ទន្ទឹម​នឹង​ផែនការ​ពង្រីក​ទីក្រុង​នេះ រដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ផ្លូវ​ក្រវាត់​ក្រុង ​(Ring Road) ទីក្រុង​សៀមរាប ចំនួន ២​ខ្សែ រួមទាំង​ផ្លូវ​សំខាន់ៗ​ជា​ច្រើន​ខ្សែ​ទៀត​នៅ​ក្នុង​ក្រុង​នេះ​»​។

លោក​បាន​ពន្យល់​ថា ចំពោះ​ផ្លូវ​ក្រវាត់​ក្រុង​ទាំង​ពីរ​ខ្សែ​នោះ ដោយ​ខ្សែ​ទី​១ មាន​ប្រវែង​ជាង​២០​គីឡូម៉ែត្រ ស្ថិត​នៅ​ភាគ​ខាង​ជើង​ទីក្រុង​សៀមរាប និង​តំបន់​អង្គរ គឺ​ត​ចេញ​ពី​ផ្លូវ​ជាតិ​៦ នៅ​ម្តុំ​ស្រុក​ពួក ឆ្ពោះ​ទៅ​កាន់​ស្រុក​បន្ទាយស្រី និង​ទៅ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​លេខ​៦៤ រួច​បន្ត​មក​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៦ វិញ​នៅ​ក្នុង​ស្រុក​ប្រាសាទ​បាគង​។ ចំណែក​ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី​២ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​សៀមរាប ដោយ​ត​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​៦ នៅ​ម្តុំ​បេនឡាន​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម រួច​ឆ្ពោះ​ទៅសង្កាត់​សៀមរាប ដោយ​ឆ្លង​កាត់​ស្ទឹង​សៀមរាប រួច​នឹង​បន្ត​ទៅ​ត​ភ្ជាប់​ផ្លូវ​ជាតិ​លេខ​៦ នៅ​ម្តុំ​ភូមិ​ក្រួស។

01 siemreap 3

តាម​រយៈ​ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី​២ នេះ លោក​ បា្លតុង បាន​បង្ហាញ​ពី​ការ​អភិវឌ្ឍ​នៅ​តំបន់​នោះ​ហាក់​មាន​សន្ទុះ​ខ្លាំង​ជាង​ទីកន្លែង​ផ្សេង​ទៀត​។

លោក​បាន​អះអាង​ថា​ ៖ «តំបន់​នៅ​ភាគ​ខាង​កើត និង​ភាគ​ខាង​ត្បូង​ទីក្រុង​សៀមរាប កំពុង​មាន​ចលនា​អភិវឌ្ឍ​ដោយ​ប្រជាជន​ក្នុង​ស្រុក​។ មើល​ទៅ​ទីក្រុង​របស់​យើង​រីក​ទៅ​តំបន់​នោះ​ខ្លាំង ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ក៏​យើង​ត្រូវ​តែ​គោរព​ទៅ​តាម​ផែនទី​របស់​អាជ្ញាធរ​អប្សរា ដែល​នៅ​ព័ទ្ធ​ជុំវិញ​តំបន់​ប្រាសាទ​បាគង ស្ថិត​នៅ​តំបន់​ខាង​កើត​ក្រុង​នោះ​ដែរ​»។

យោង​តាម​ស្លាក​ប៉ាណូ​ប្រកាស​លក់​ដី​ជា​ច្រើន​កន្លែង​នៅ​តាម​ផ្លូវ​ថ្មី​ក្រវាត់​ក្រុង​សៀមរាប សុទ្ធ​តែ​មាន​រៀប​រាប់​ថា «​ដី​ចាក់​ខ្ពស់​ស្រាប់​, កាត់​ប្លង់ (L-Map)​ជូន​, មាន​ប្រព័ន្ធ​លូ, និង​បង្គោល​ភ្លើង ជាដើម​»​។

ក្រោយ​ពី​ការ​សាកសួរ ម្ចាស់​ស្លាក​ប៉ាណូ បាន​ពន្យល់​ថា ដីឡូត៍​ទាំង​នោះ​នីមួយៗ​មាន​ទំហំ​ពី​៥​គុណ​១៨​ម៉ែត្រ រហូត​ដល់ ៧,៥០​ គុណ ​២០​ ម៉ែត្រ ដោយ​មាន​តម្លៃ​ចន្លោះ​ពី ​១៥០០០-១៦៥០០០ ​ដុល្លារ​ក្នុង ​១​ឡូត៍​។ មាន​ម្ចាស់​ដីឡូត៍​ពុះ​លក់​ខ្លះ​ទៀត បាន​ពន្យល់​ពី​ទីតាំង​អំណោយ​ផល​សម្រាប់​លំនៅឋាន និង​អាច​ជីក ​អណ្តូង​យក​ទឹក​ប្រើ​បាន​ទៀត​ផង​។

ទោះ​ជា​យ៉ាង​ណា ក៏​ម្ចាស់​ដីឡូត៍​ភាគ​ច្រើន​នៅ​តែ​លើក​ឡើង​អំពី​សក្តានុពល​របស់​ដី​ គឺ «​នៅ​ជិត​ផ្លូវ​ថ្មី​ក្រវាត់​ក្រុង​(​សៀមរាប​)»​ជានិច្ច ដោយ​ដី​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រាវ និង​ដី​ខ្លះ​ទៀត​សង្កាត់​ក្របី​រៀល និង​សង្កាត់​ស្រងែ ជាដើម​។

បើ​យោង​តាម​ប្រសាសន៍​របស់​លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA) ធ្លាប់​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ អចលនទ្រព្យ កាល​ពី​ខែ​កក្កដា កន្លង​មក​ថ្មីៗ​នេះ​ថា ៖ «​បើ​និយាយ​ពី​តម្លៃ​ដី​ដែល​អាច​សាងសង់​ជា​លំនៅឋាន​រស់នៅ​សម្រាប់​ប្រជា​ពលរដ្ឋ គឺ​វា​ស្ថិត​នៅ​ចន្លោះ​ពី​៣០ ទៅ​ដល់​១០០​ដុល្លារ ក្នុង​១​ម៉ែត្រ​ការ៉េ គឺ​វា​សមរម្យ​ល្មម​ហើយ​។ នេះ​ជា​ស្តង់ដារ​ដី​សង់​ផ្ទះ​សម្បែង​»​។

ថ្វី​បើ​ទីក្រុង​សៀមរាប ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់​សម្គាល់​ក៏​ដោយ ក៏​ប្រជាជន​ជាច្រើន​ដែល​រស់នៅ​ក្នុង​សង្កាត់​ស្វាយ​ដង្គំ ដែល​ជា​សង្កាត់​ស្ទើរ​តែ​ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​ទីក្រុង​សៀមរាប​នោះ បាន​ត្អូញ​ត្អែរ​ថា ការ​អភិវឌ្ឍ​ទីក្រុង​សៀមរាប ហាក់​ដូច​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​តែ​នៅ​តាម​តំបន់​បណ្តោយ​ផ្លូវ​ធំៗ​តែ​ប៉ុណ្ណោះ ខណៈ​លំនៅឋាន​របស់​ប្រជាជន​ជាច្រើន​ដែល​រស់នៅ​ក្នុង​ភូមិឋាន​មួយ​ចំនួន​ធំ​ស្ទើរ​តែ​ពុំ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ ​ខ្វះ​ផ្លូវ​ធ្វើ​ដំណើរ​បាន​ត្រឹម​ត្រូវ​ ខ្វះ​ប្រព័ន្ធ​ទឹក​ស្អាត និង ​គ្មាន​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​ជា​ដើម។

បុរស វឿត វី វ័យ​ជិត​៣០​ឆ្នាំ ជា​បុគ្គលិក​ធ្វើ​ការ​នៅ​សណ្ឋាគារ​មួយ​កន្លែង​នៃ​ទីក្រុង​ទេសចរណ៍​ដ៏​ល្បីល្បាញ​នេះ បាន​ឲ្យ​ដឹង​ថា គាត់​ស្នាក់​នៅ​ផ្ទះ​ជួល នៅ​ម្តុំ​សាកល​វិទ្យាល័យ​បៀល​ប្រាយ មាន​ចម្ងាយ​ប្រហែល​ជាង១​គីឡូម៉ែត្រ​ពី​ផាប់​ស្ទ្រីត​ ក្បែរ​ផ្សារ​ចាស់​។

លោក​បាន​ថ្លែង​ថា​ ៖ «​ទីក្រុង​សៀមរាប មាន​ការ​អភិវឌ្ឍ​បាន​ស្អាត​តែ​នៅ​ទីកន្លែង​ណា​ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចេញ​ចូល​ឆ្លង​កាត់​នោះ​ទេ ចំណែក​តាម​ភូមិ​ជា​លំនៅឋាន​របស់​អ្នក​ស្រុក​រស់នៅ គឺ​នៅ​ខ្វះខាត​ច្រើន​ណាស់។ សូម្បី​តែ​ផ្លូវ​ធ្វើ​ដំណើរ​ក៏​អត់​មាន​ផ្លូវ​សមរម្យ​ផង»។

លោក វី បាន​បន្ត​ថា​ ៖ «​បើ​ផ្លូវ​ទៅ​ផ្ទះ​របស់​ខ្ញុំ​វិញ ចេញ​ពី​សណ្ឋាគារ​នេះ​ទៅ​ប្រហែល​ជាង​កន្លះ​គីឡូ​ម៉ែត គឺ​ត្រូវ​ធ្វើ​ដំណើរ​កាត់​ភក់​ជ្រាំ និង​ទឹក​ស្អុយ​ហើយ​ព្រោះ​អី​នៅ​តាម​ភូមិ​ក្នុង​ក្រុង​សៀមរាប​នេះ គឺ​សឹង​តែ​ពុំ​មាន​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​ទេ​»។

ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ គឺ​អ្នក​ស្រី ស៊ី នាថ បាន​ឲ្យ​ដឹង​ថា​ ៖ «​ផ្ទះ​របស់​ពួក​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ដូច​នៅ​កណ្តាល​ទីក្រុង​នេះ​ដែរ តែ​អត់​ឃើញ​មាន​អាជ្ញាធរ​ណា​ជួយ​គិត​គូរ​អំពី​ការ​កសាង​ផ្លូវ ប្រព័ន្ធ​លូ​ទឹក​ស្អុយ ឬ​ប្រព័ន្ធ​ទឹក​ស្អាត​ត្រឹម​ត្រូវ​នោះ​ទេ​»​។

អ្នក​ស្រី​បន្ត​ថា​ ៖ «ខែ​វស្សា​ដូច្នេះ ស្ទើ​រតែ​ជា​រៀង​រាល់​ថ្ងៃ​ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​តាមផ្លូវ​លំ​មាន​ជង្ហុក កាត់​ភក់ និង​ទឹក​ស្អុយ ​ដែល​ដក់​នៅ​ជាប់​ ព្រោះ​អត់​មាន​ប្រព័ន្ធ​​លូ​បង្ហូរ​ទឹក​ចេញ​ពី​ទី​នេះ​ទេ»៕

ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789