ព័ត៌មានទូទៅ

ទីក្រុង​ភ្នំពេញ​កាន់​តែ​រីក​ធំ​ ខណៈ​ចំនួន​ប្រជា​ពលរដ្ឋ​កើន​ឡើង​ជិត​ ៣​ លាន​នាក់

on .

ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង​ទីក្រុង​ភ្នំពេញ កាន់​តែ​ប្រឈម​បញ្ហា​កកស្ទះ​ចរាចរណ៍ ខណៈ​ពេល​កំណើន​ប្រជាសាស្រ្ត​ក្នុង​ទីក្រុង​បាន​កើន​ឡើង​យ៉ាង​គំហុក​ ស្រប​ពេល​ទីក្រុង​កាន់​តែ​រីក​ធំ ប៉ុន្តែ​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ របស់​រដ្ឋាភិបាល​នៅ​មាន​កម្រិត និង​ដើរ​យឺត​ជាង​ល្បឿន​នៃ​ការ​អភិវឌ្ឍ​ជាក់​ស្តែង​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​។

លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ប្លង់​គោល​ទីក្រុង​ភ្នំពេញ​រហូតដល់​ឆ្នាំ ​២០៣៥ ដែល​ជា​ប្លង់​តម្រង់​ទិស​បាន​អនុម័ត​កាលពី​ចុង ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​ក្រឡា​ផ្ទៃ​ក្រុង​កើន រហូត​ដល់​ទំហំ​ ៦៧៨​ គីឡូម៉ែត្រ​ការ៉េ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​រាជធានី​ធ្វើ​ការ​ពង្រីក​ភូមិ និង​សង្កាត់​មួយ​ចំនួន ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រជាសាស្ត្រ ក៏​ដូច​ជា​ជួយ​សម្រួល​ដល់​អាជ្ញាធរ​ក្នុង​ការ​គ្រប់គ្រង​សណ្តាប់​ធ្នាប់ និង​បញ្ហា​មួយ​ចំនួន​ទៀត​ផង។

លោក​បន្ត​ថា​ ៖ «​អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​រៀបចំ​ធ្វើ​ជំរឿន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ឡើង​វិញ ព្រោះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រជា​ពលរដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត​បាន​ចូលមក​រស់​នៅ​ទីក្រុង​មាន​ការ​កើន​ឡើង​ច្រើន ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​គ្រប់គ្រង​បញ្ហា​សន្តិសុខ សណ្តាប់​ធ្នាប់​មិន​សូវ​បាន​ល្អ ដោយ​សារ​ការ​គ្រប់គ្រង​អត្ត​សញ្ញាណ​កម្ម ការ​គ្រប់​គ្រង​ផ្នែក ​នគរូបនីយកម្ម​មិន​សូវ​បាន​ល្អ​»​។

លោក​បន្ត​ថា​ ៖ «​ការ​កសាង​បុរី ឬ​លំនៅឋាន​នានា​មិន​មែន​ឲ្យ​តែ​ដី​ទំនេរ​ចេះ​តែ​សាងសង់​បាន​នោះ​ទេ តែ​ត្រូវ​ធ្វើ​តាម​ប្លង់​នគរូបនីយកម្ម​ឲ្យ​បាន​ត្រឹម​ត្រូវ​។ នេះ​ជា បញ្ហា​កង្វល់​របស់​អាជ្ញាធរ ហើយ​ប្រ​ព័ន្ធ​រដ្ឋបាល​របស់​អាជ្ញាធរ​របស់​យើង គឺនៅ​អនុវត្ត​បែប​បទ​ចាស់​ដែល​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ជា​ថ្មី»​។

4 Tuos Sashoeun

លោក ប៉ា សុជាតិ​វង្ស បាន​បន្ត​ថា បញ្ហា​ទឹក​ស្អាត បញ្ហា​អគ្គិសនី និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សុទ្ធ​តែ​នៅ​មាន​ការ​ខ្វះខាត ដោយ​សារ​ទីក្រុង​កាន់​តែ​ពង្រីក និង​ចំនួន​មនុស្ស​កើន​ឡើង ដែល​ទាមទារ​ឲ្យ​យើង​ពង្រីក​បន្ថែម ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​។ ជាក់​ស្តែង​ក្រុង​បាន​ដាក់​លូ​ធំៗ​កប់​ក្នុង​ដី​ប្រវែង​២០០​គីឡូម៉ែត្រ​រួច​ហើយ ដែល​យើង​អាច​ដោះស្រាយ​បញ្ហា​លិច​លង់​បាន​មួយ​កម្រិត ហើយ​ក្រុង​ក៏​បាន​ចាក់​ពង្រីក​ផ្លូវ​បេតុង​ប្រវែង​១៥០​គីឡូម៉ែត្រ នៅ​តំបន់​ជាយ​ក្រុង​។

លោក​បន្ត​ថា​ ៖ «​បញ្ហា​កក​ស្ទះ​ចរាចរណ៍ ជា​បញ្ហា​ធំ​មួយ​ដែល​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ទីក្រុង​ភ្នំពេញ ​ស្ទះ​បី គឺ​ស្ទះ​ចរាចរណ៍ ស្ទះ​លូ និង​ស្ទះ​សំរាម​ ហេតុ​នេះ​ទើប​អាជ្ញាធរ​ក្រុង​ជ្រើស​រើស​បុគ្គលិក​ជាប់​កិច្ច​សន្យា ៣០០​ នាក់ ដើម្បី​ជួយ​សម្រួល​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ជាង​១០០​គោល​ដៅ​ក្នុង​រាជធានី​ នា​ពេល​ខាង​មុខ​។​

កាល​ពី​សប្តាហ៍​មុន​នៅ​ឯ​ពិធី ជួប​ជុំ​ជាមួយ​សមាគម​អ្នក​អភិវឌ្ឍ លំនៅដ្ឋាន​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌី​យ៉ាណា លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​ថា ចំនួន​ប្រជាជន​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ បាន​កើន​ឡើង​ជិត​ដល់ ៣​លាន​នាក់​ហើយ។

លោក មាន ចាន់យ៉ាដា អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​បន្ថែម​ថា សាលា​រាជធានី​ភ្នំពេញ ពិត​ជា​បាន​ពង្រីក​ភូមិ​ចំនួន​ ៤៤ លើ​ភូមិ​ដែល​មាន​ស្រាប់​ចំនួន ​៩៥៣​ ភូមិ និង​ពង្រីក​សង្កាត់​ថ្មីៗ​ចំនួន៩​ថែម​ទៀត លើ​សង្កាត់​ដែល​មាន​ស្រាប់​ចំនួន​ ៩៦ នៅ​ក្នុងខ​ណ្ឌ​ចំនួន​បួន គឺ​ខណ្ឌ​ឫស្សីកែវ មាន​ជ័យ សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

លោក​បន្ត​ថា ហេតុ​ផល​ដែល​សាលា​រាជធានី​ភ្នំពេញ ពង្រីក​ភូមិ និង​សង្កាត់​ថ្មី​នេះ ដោយ​ផ្អែក​លើ​កត្តា​សំខាន់​ចំនួន​បី ទី​១ កត្តា​ប្រជា​សាស្ត្រ ទី​ ២ កត្តា​ភូមិសាស្ត្រ និង​ទី ​៣ កត្តា​សេដ្ឋកិច្ច​សង្គម​។

លោក​បន្ត​ថា​ ៖ «​មាន​សង្កាត់​មួយ​ចំនួន​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ជាង ១០​ម៉ឺន​នាក់ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​គ្រប់គ្រង ហើយ​បច្ចុប្បន្ន​ក្រុង​កំពុង​រៀបចំ​ចុះ​ស្រង់​ស្ថិតិ​ប្រជា​ពលរដ្ឋ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា​កន្លង​មក និង​គ្រោង​បញ្ចប់​នៅ​ចុង​ខែ​សីហា​នេះ​»​។ លោក​បន្ត​ថា​ ៖ «​ក្រសួង​មហាផ្ទៃ​បាន អនុម័ត​យល់​ព្រម​លើ​ការ​ពង្រីក​ភូមិ សង្កាត់​ទាំង​នេះ​រួច​ហើយ​»​។

លោក​សាស្ត្រាចារ្យ ទួស សាភឿន អគ្គលេខាធិការរង​ គណៈ​ស្ថាបត្យករ​កម្ពុជា បាន​ថ្លែង​ថា អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​ត្រូវ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ត្រូវ​មាន​ផែន​ការ​អភិវឌ្ឍន៍​តាម​ប្លង់​មេ​រយៈពេល​វែង ហើយ​កសាង​អ្វីៗ​សម្រាប់​ ផែន​ការ​រយៈពេល​ខ្លីៗ ដើម្បី​អនុវត្ត​ឆ្ពោះ​ទៅ​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​រយៈពេល​វែង​។

លោក​បន្ត​ថា ការ​ពង្រីក​ទីក្រុង​ទៅ​ទិស​ខាង​ណា ជាការ​សម្រេច​របស់​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​ជា​ក្បាល​ម៉ាស៊ីន ចង់​កាច់​ទៅ​ខាង​ណា​ក៏​បាន ឧទាហរណ៍​បើ​ចង់​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយ​ឲ្យ​រោងចក្រ​ចេញពី​ទីក្រុង គឺ​ត្រូវ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទឹក ភ្លើង ផ្លូវ​ជា​មុន ហើយ​ក៏​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត​មួយ​ចំនួន​ទៀត​ពី​រដ្ឋាភិបាល​ដល់​អ្នក​វិនិយោគ​។

លោក​បន្ត​ថា​ ៖ «​បច្ចុប្បន្ន​រដ្ឋាភិបាល​មិន​ទាន់​បាន​គិត​ដល់ និង​ម៉ត់ចត់​ពី​បញ្ហា​នេះ​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឲ្យ​តំបន់​ឧស្សាហកម្ម ​តំបន់​ពាណិជ្ជកម្ម និង​លំនៅឋាន ស្ថិត​នៅ​ចម្រុះ​គ្នា​នៅ​ឡើយ​»​។ លោក​បន្ត​ថា​ ៖ «​អ្វី​សំខាន់​ គឺ​ឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើរ​មុន ប៉ុន្តែ​បច្ចុប្បន្ន​យើង​ខ្វះ​ការ​វិភាគ និង​ខ្វះ​ការ​គិត​ពី​បញ្ហា​ទាំង​នេះ​»។

លោក​សាស្ត្រាចារ្យ សា​ភឿន បាន​បន្ត​ថា ដូច​ករណី​ដាក់​របាំង​ពុះ​ទ្រូង​ផ្លូវ​បច្ចុប្បន្ន គឺ ៩៩​ ភាគរយ របាំង​នេះ​មិន​ជួយ​ឲ្យ​ការ​ធ្វើ​ចរាចរ​ធូរស្រាល​នោះទេ ប៉ុន្តែ​៩៩​ភាគរយ បង្កើត​ឲ្យ​មាន​បញ្ហា​ទៅវិញ​ទេ ដោយ​សារ​យើង​មិន​បាន​វិភាគ​ពី​បញ្ហា​ទាំង​អស់​នេះ​។

លោក​បន្តថា​ ៖ «​បើ​ចង់​ដាក់​របាំង​ពុះ​កណ្តាល​ទ្រូង​ផ្លូវ យើង​ត្រូវ​មាន​ផ្លូវ​គេច​ចេញ​ឲ្យ​បាន​ធំ និង​ច្បាស់​លាស់ មិន​មែន​ដើម្បី​តែ​កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ​»​។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នក​វិភាគ​ផ្នែក​រៀបចំ​ដែនដី​ទីក្រុង​ឯករាជ្យ បាន​ថ្លែងថា ប្រជាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​អាច​មាន​ចំនួន​ច្រើន​ជាង ៣​ លាន​នាក់ ដោយសារ​លំហូរ​ប្រជាពលរដ្ឋ​មករក​ការងារ​ធ្វើ ព្រោះ​ទីក្រុង​មាន​សេវាកម្ម​ចាំបាច់​ជាច្រើន និង​មាន​តម្លៃ​ថោក​ធៀប​នៅតាម​បណ្តា​ខេត្ត ឧទាហរណ៍​តម្លៃ​អគ្គិសនី​ជាដើម​។

លោក​បន្ត​ថា ការ​កើន​ឡើង​ចំនួន​ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង បង្ក​បញ្ហា​ជាច្រើន​ដូចជា ការ​កកស្ទះ​ចរាចរណ៍ បញ្ហា​ទាក់ទង​នឹង​បរិស្ថាន ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ ទាមទារ​ឲ្យ​អាជ្ញាធរ​ពិនិត្យ​មើល​ពី​ផែនការ​ប្រើប្រាស់​ដី​ឲ្យ​បាន​លម្អិត​តាម​សង្កាត់ និង​ខណ្ឌ​និមួយៗ ដោយ​អនុលោម​តាម​ប្លង់គោល​របស់​ទីក្រុង ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​មុន​។

លោក​បន្ត​ថា​ ៖ «​អាជ្ញាធរ​ក្រុង​គួរ​មើល និង​ដោះស្រាយ​ការងារ​អាទិភាព​ជាមុន និង​ត្រូវ​ធ្វើ​អ្វី​តាម​ប្លង់គោល និង​ផ្សព្វផ្សាយ​ប្លង់​គោល​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជា​ពលរដ្ឋ ព្រោះ​ទាល់​តែ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ ទើប​ការ​អនុវត្ត​ប្លង់គោល​មាន​ប្រសិទ្ធភាព​»​។ លោក​បន្ត​ថា​ ៖ «​ប្រសិន​ជា​ប្លង់​គោល​មិន​អាច​អនុវត្ត​បាន​វា​បញ្ជាក់​ពី​កម្សោយ​របស់​អាជ្ញាធរ និង​ការ​គ្រប់គ្រង​គ្មាន​ប្រសិទ្ធភាព»​។​

លោក​បណ្ឌិត វ៉ាន់ វ៉ាត បាន​បន្ត​ថា អ្វី​ដែល​ត្រូវ​ដោះស្រាយ​មុន​គេ គឺ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ច្បាប់​ពាក់​ព័ន្ធ​ឲ្យ​មាន​ប្រសិទ្ធ​ភាព ពិសេស​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ និង​ត្រូវ​ដោះស្រាយ​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ តាម​រយៈ​ការ​វិនិយោគ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ឲ្យ​បាន​ច្រើន និង​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​គោរព​ច្បាប់​ទាំង​អស់​គ្នា​។​

អ្នក​នាង អាន សុធីតា នាយិការង​ជាន់​ខ្ពស់​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងថា ទីក្រុង ភ្នំពេញ​ កាន់តែ​រីក​ធំ ប៉ុន្តែ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​រីក​តាម​ទំហំ និង​កំណើន​របស់​ប្រជា​ពលរដ្ឋ​នោះ​ទេ ដូច្នេះ​ប្រសិន​ជា​រាជ​រដ្ឋាភិបាល​មិន​គិត​អំពី​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​បាន​ហ្មត់ចត់​ពី​ពេល​នេះ​តទៅ​ទេ «​ទីក្រុង​របស់​យើង​អាច​ជាប់​ឈ្មោះ​ដូច​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី ដែល​ជាប់​ឈ្មោះ ​ជា​ប្រទេស ដែល​មាន​ចរាចរណ៍​អាក្រក់​ជាង​គេ​នៅ​លើ​ពិភពលោក​នា​ពេល​អនាគត​»​។

អ្នក​នាង​បន្ត​ថា​ ៖ «​ខ្ញុំ​ឃើញ​រដ្ឋាភិបាល ក៏​បាន​និង​កំពុង​សិក្សា​ជាមួយ​ក្រុមហ៊ុន​ជំនាញ ដើម្បី​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ឋ​សាធារណៈ សិក្សា​ពី​ផល​ប៉ះពាល់ និង​ការ​ទាញ​យក​ប្រាក់​ត្រឡប់​មក​វិញ​ក្នុង​រយៈពេល​ណា​មួយ​នោះ​ផង​ដែរ​»​។

អ្នក​នាង​បន្ត​ថា​ ៖ «ប៉ុន្តែ​ជា​បទពិសោធ គឺ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ទីក្រុង​ភ្នំពេញ យឺត​ជាង​ការ​អភិវឌ្ឍ​នានា មិន​ដូច​ជា​ទីក្រុង​ហូជីមិញ គឺ​គេ​បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាមុន មុន​នឹង​រៀបចំ​តំបន់​ណា​មួយ​នោះ​ជា​កន្លែង​ត្រូវ​វិនិយោគ​លើ​ផ្នែក​អ្វី​មួយ​»​។

អ្នក​នាង សុធី​តា បាន​បន្ត​ថា ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ឋ ដើរ​ក្រោយ​ការ​អភិវឌ្ឍ មិន​មែន​មាន​ន័យ​ថា អ្វី​ដែល​បាន​កសាង​រួច មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ គឺអាច​ដោះស្រាយ​បាន គ្រាន់​តែ​លំបាក​ត្រូវ​ចំណាយ​ប្រាក់​ច្រើន និង​ពេល​វេលា​យូរ​។

លោក​ ភឿង សុភ័ណ្ឌ រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ អំពី​បញ្ហា​ ផ្សេងៗ​ទាំង​នេះ​ទេ៕

ប្រភពពី៖ ភ្នំពេញ ប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789