ព័ត៌មានទូទៅ

តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ កំពុងតែទាក់ទាញអ្នកវិនិយោគ

on .

ការតភ្ជាប់ផ្លូវសម្តេចតេជោ ហ៊ុន សែន ទំហំ៦០ម៉ែត្រ និងមានបណ្តោយជាង៩គីឡូម៉ែត្រ ព្រមទាំងការពង្រីកផ្លូវក្រវាត់ក្រុងចេញពីផ្លូវជាតិលេខ២ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ៣ បាននិងកំពុងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនកំពុងមានការចាប់អារម្មណ៍។

វត្តមានរោងចក្រ សហគ្រាសជាច្រើនបាននិងកំពុងកសាងនៅតំបន់ខាងលើ នេះជាអ្វីដែលអ្នកវិនិយោគមើលឃើញពីភាពងាយស្រួលក្នុងការស្វែងរកកម្លាំងពលកម្ម ការដឹកជញ្ជូនមានចម្ងាយជិតទៅកាន់ព្រំដែនវៀតណាម ខណៈរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវក្រវាត់ក្រុងថ្មីទំហំ៦០ម៉ែត្រ ចេញពីតំបន់ព្រៃទទឹង តាមបណ្តោយផ្លូវជាតិលេខ៣ មកកាន់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់ស្រុកស្អាង ព្រំប្រទល់ប្រទេសវៀតណាមនាពេលខាងមុខ។

លោក មុំ សុខឿន ស្មៀនឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានថ្លែងថា បច្ចុប្បន្នមានរោងចក្រជិត២០ ហើយ បាននិងកំពុងដំណើរការនៅក្នុងមូលដ្ឋាននេះ និងមានសកម្មភាពចាក់ដីថ្មីៗជាច្រើន ដែលតាមព័ត៌មានពីលោកអភិបាលស្រុកបានឲ្យដឹងថា នឹងមានរោងចក្រថ្មីៗជាច្រើនបើកនៅតំបន់នេះនាពេលខាងមុខ។ លោកបន្តថា ពីមុនតម្លៃដីនៅក្នុងស្រុកកណ្តាលស្ទឹង និងស្រុកបាទីមានសភាពស្ងប់ស្ងាត់ ទើបតែរយៈពេលពីរបីឆ្នាំចុងក្រោយនេះដីធ្លីបានកើនឡើងយ៉ាងខ្លាំងជាក់ស្តែងដីនៅជាប់អមផ្លូវជាតិលេខ២ដែលមានចម្ងាយពីភូមិសាស្ត្ររបស់រាជធានីភ្នំពេញ គឺក្នុងរង្វង់ពី២-៣គីឡូម៉ែត្រពីព្រំប្រទល់រាជធានី ក៏មានតម្លៃចន្លោះពី៧៥ ទៅ៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯដីចេញឆ្ងាយពីភូមិសាស្ត្ររាជធានីភ្នំពេញ៤ ទៅ៥គីឡូម៉ែត្រដីមានតម្លៃ៤០ ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា ចំណែកដីនៅផ្នែកខាងក្នុងៗពីផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣៨ មានតម្លៃចាប់ពី៨ ទៅ១០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងមានសកម្មភាពពុះដីឡូត៍លក់ជាច្រើនហើយមានការលក់ដាច់ជាបន្តបន្ទាប់ផងដែរ។

លោក មុំ សុខឿន បានសម្តែងក្តីរំពឹងទុកថា ៖ «រយៈពេលពីរបីឆ្នាំខាងមុខ ភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងផ្នែកខ្លះរបស់ស្រុកបាទី ខេត្តតាកែវ តម្លៃដីនឹងកើនឡើងខ្ពស់បន្ថែមទៀត ហើយសេដ្ឋកិច្ចប្រជាពលរដ្ឋនឹងកាន់តែមានភាពប្រសើរឡើង»។ លោកបន្តថា៖ «អ្នកនៅក្នុងមូលដ្ឋាននេះមានដីច្រើនៗ ហើយក្នុងមួយគ្រួសារៗ សុទ្ធតែមានកូនមួយគ្រួសារពីរ ឬបីនាក់ធ្វើការនៅតាមរោងចក្រសហគ្រាសនានា ដែលធ្វើឲ្យពួកគេកាន់តែមានជីវភាពធូរធារមួយកម្រិតបន្ថែមទៀត»។

ទាក់ទងនឹងភូមិសាស្ត្រតំបន់នេះ លោកស្មៀនឃុំព្រែករកា បានឲ្យដឹងថា តំបន់នេះមិនសូវប្រឈមមុខនឹងទឹកជំនន់នោះទេ ពិសេសតំបន់ស្ថិតនៅប្របផ្លូវជាតិលេខ២ ប៉ុន្តែតំបន់ស្ថិតនៅស្របនឹងផ្លូវជាតិលេខ៣៨ដែលចេញពីរង្វង់មូលគួរស្រូវឆ្ពោះទៅកាន់តំបន់កំពង់ទួល ក្បែរផ្លូវជាតិលេខ៣ គឺឧស្សាហ៍ប្រឈមមុខនឹងទឹកជំនន់ ដោយសារតំបន់នេះស្ថិតនៅជាប់ស្ទឹងព្រែកត្នោត។

លោក ពឹង សុង ម្ចាស់អាជីវកម្មបូមខ្សាច់លក់ ស្ថិតក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ដែលឈរជើងនៅតាមបណ្តោយផ្លូវជាតិលេខ២ បានថ្លែងថា តម្លៃដីធ្លីនៅតំបន់នេះបានឡើងថ្លៃរើបៗជាបន្តបន្ទាប់ ជាក់ស្តែងដីនៅជាប់ផ្លូវជាតិលេខ២ មិនអាចទិញបានក្រោមតម្លៃ ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ។ ចំណែកដីស្រែ ដែលគ្មានផ្លូវក៏មានតម្លៃ៤ ទៅ៥ដុល្លារ និងដីនៅជាប់ផ្លូវតូចៗដែលចុះពីផ្លូវជាតិលេខ២ប្រវែងពីរទៅបីគីឡូម៉ែត្រក៏មានតម្លៃ១០ទៅ២០ដុល្លារក្នុងមួយម៉ែត្រការ៉េផងដែរ។

លោកបន្តថា ៖ «តំបន់នេះនឹងមានការរីកចម្រើនលឿននាពេលអនាគត ព្រោះសាលាក្រុងភ្នំពេញគ្រោងកសាងផ្លូវទំហំ៦០ម៉ែត្រ ចេញពីតំបន់ព្រៃទទឹងនៅតាមបណ្តោយផ្លូវជាតិលេខ៣ មកកាន់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់ស្រុកស្អាងព្រំប្រទល់ប្រទេសវៀតណាមនាពេលខាងមុខនេះ»។

លោកបន្តថា ៖ «ដីទំនេរធំៗត្រូវបានអ្នកមានអំណាចប្រមូលទិញយកអស់ទៅហើយនៅតំបន់នេះ ព្រោះពួកគេដឹងពីគម្រោងអភិវឌ្ឍន៍មុនយើង»។

លោក ងួន ឆៃលាង អគ្គនាយកក្រុមហ៊ុន RATANAKA Realty ដែលកំពុងដើរតួជាភ្នាក់ងារលក់ផ្តាច់មុខនៃគម្រោងសុរិន្ទភូមិ ដែលកំពុងវិនិយោគដោយក្រុមហ៊ុន PACRIM CAMBLOSSOM DEVELOPMENT Co., Ltd. បានថ្លែងថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់មានសក្តានុពលខ្ពស់ ដោយសារការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាល ជាពិសេសការតភ្ជាប់មហាវិថីសម្តេចតេជោ ដែលមានទទឹងទំហំ៦០ម៉ែត្រ នឹងធ្វើឲ្យតំបន់នេះកាន់តែមានការរីកចម្រើនខ្លាំង។

លោកបន្តថា ៖ «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋជាង ២៦០០០នាក់ និងការកសាងរោងចក្រ សហគ្រាស ជាច្រើននៅប្របផ្លូវជាតិលេខ២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ពិតជានឹងហុចសក្តានុពលខ្ពស់នៅតំបន់នេះបន្ថែមទៀត»។

លោកបន្តថា ៖ «តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ មានតម្លៃដីសមល្មមនៅឡើយ ដែលអាចវិនិយោគបាន បើធៀបនឹងតំបន់ភាគខាងជើងរាជធានីភ្នំពេញ គឺផ្ទៃដីនៅភាគខាងជើងបានឡើងថ្លៃខ្ពស់ពិបាកក្នុងការវិនិយោគរួចទៅហើយ»។

អ្នកឧកញ៉ា សៀ រីទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land ដែលបាននិងកំពុងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទំហំដី ៦៣ហិកតា និងដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសឈ្មោះ Kerry World Bridge បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃចន្ទថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ២ ព្រោះវាជាតំបន់យុទ្ធសាស្ត្រ ដែលងាយស្រួលក្នុងការតភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកបន្តថា ៖ «តំបន់ស្ថិតនៅប្របផ្លូវជាតិលេខ២ ជាតំបន់មានសណ្ឋានដីខ្ពស់ ដែលលោកមិនដែលឃើញមានទឹកជំនន់នោះទេ ហើយថ្ងៃក្រោយតំបន់នេះនឹងជាតំបន់លំនៅឋាន ព្រោះវាស្ថិតនៅជិតទីក្រុងភ្នំពេញមែនទែន»។ លោកបន្តថា ៖ «នៅពេលផ្លូវសម្តេចតេជោហ៊ុន សែន បើកឲ្យដំណើរការ តំបន់នេះនឹងមានការអភិវឌ្ឍលឿនខ្លាំង»។

តាំងពីច្រើនឆ្នាំមកហើយ និងជាការរំឭកចុងក្រោយកាលពីឆ្នាំ២០១៤ វីរស្ថាបត្យករកម្ពុជាលោក វណ្ណ មូលីវណ្ណ ធ្លាប់បានផ្តល់អនុសាសន៍ឲ្យរាជរដ្ឋាភិបាលអភិវឌ្ឍរាជធានីភ្នំពេញ ឆ្ពោះទៅទិសខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមានសណ្ឋានដីខ្ពស់ និងមិនប្រឈមមុខនឹងទឹកជំនន់នាពេលអនាគត។

លោក ប៉ែន សុខុម ប្រជាជនរស់នៅភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាននិយាយថា តម្លៃដីនៅក្នុងមូលដ្ឋានរបស់លោកបាននិងកំពុងឡើងថ្លៃ ជាក់ស្តែងលោកទើបលក់ដីបឹងទំហំ ៣០អា ក្នុង តម្លៃ ៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ កាលពីពេលថ្មីៗនេះ។

លោកបានបន្តទៀតថា តម្លៃដីស្ថិតនៅតាមបណ្តោយផ្លូវជាតិមានតម្លៃចន្លោះពី ៤០ ទៅ ៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងដីនៅតាមផ្លូវលំតូចៗចម្ងាយប្រមាណ១គីឡូម៉ែត្រពីផ្លូវជាតិ មានតម្លៃចន្លោះពី៧ ទៅ១០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

លោក សុខុម បន្តថា ៖ «ខ្ញុំជឿជាក់ថា ដីតំបន់នេះនឹងឡើងថ្លៃបន្ថែមទៀតនាពេលអនាគត ដូច្នេះអ្នកមានលទ្ធភាពទិញដីទុកនៅតំបន់នេះនឹងទទួលបានប្រាក់ចំណេញច្រើនជាប្រាកដ នា ពេលអនាគត»។

ភូមិព្រែករកា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ មានចម្ងាយប្រមាណ៧គីឡូម៉ែត្រ ពីសង្កាត់ត្រពាំងថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789