ព័ត៌មានទូទៅ

ចំណាយពេល៥ឆ្នាំ ដើម្បីវិនិយោគលើដីធំដែលមាន សិទ្ធិត្រឹមអាជីវកម្មបណ្តោះអាសន្ន

on .

ខាងក្រោយផ្សារទំនើប Aeon គេឃើញមានភោជនីយដ្ឋាន និងបារ៍មួយចំនួនដែលមានអតិថិជនភាគច្រើនជាយុវវ័យកម្ពុជា។ រៀងរាល់ល្ងាចមានការប្រគំភ្លេងនៅតាមបណ្តាហាងនៅម្តុំនេះដែល ពីមុនគឺជាដីទំនេរទុកចោលមួយ ដែលមានដើមឈើ និងស្មៅដុះពាសពេញ។ ទើបតែរយៈពេល២ឆ្នាំចុងក្រោយនេះទេ ដែលដីនៅតាមផ្លូវធំ៣នេះ មានការពុះចែកដីឡូត៍សម្រាប់ធ្វើការវិនិយោគ។

តំបន់នេះអាចសម្គាល់បានថា ខាងកើតបែរទៅមាត់ទន្លេ ខាងលិច ទូតរុស្សី និងផ្លូវសុធារស ខាងត្បូង បែរទៅ AEON ខាងជើង បែរទៅផ្លូវ The Bridge ឬផ្លូវដីក្រហម ដោយសារតែតំបន់នេះផ្ទាល់ពុំមានលេខផ្លូវ ឬឈ្មោះផ្លូវនោះទេ។

លោក សត្ថា ជាអ្នកគ្រប់គ្រងដីតំបន់នោះម្នាក់បានប្រាប់ថា ដីនៅទីនោះពុំមានឈ្មោះ ឬលេខផ្លូវដោយសារតែតំបន់នោះ គឺជាតំបន់អភិវឌ្ឍន៍ថ្មី។ លោកបានបន្តថា បងប្អូនរបស់លោកបានជួលដីនោះពីអ្នកជំនួញល្បីម្នាក់ ហើយលោកក៏បានជួលទៅឲ្យហាងបន្តទៀត។

អ្នកជំនាញជាន់ខ្ពស់ផ្នែកអចលនទ្រព្យនៅ CVEA ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ដោយបានបញ្ជាក់ថា ដីនោះ គឺជាដីរបស់លោកឧកញ៉ា គិត ម៉េង ដែលជាឧកញ៉ាដែលមានឈ្មោះល្បីខាងផ្នែកជំនួញមួយរូបនៅប្រទេសកម្ពុជា។ នៅលើប្លង់ដី ផ្លូវនៅលើដីនោះ គេអាចដាក់បានត្រឹមតែជា«ផ្លូវសាធារណៈ»។

លោក សត្ថា បានបើកអាជីវកម្មនៅតំបន់នោះ ដោយមានកុងត្រាជួលរយៈពេល៣ឆ្នាំហើយការបន្តកុងត្រាគឺអាស្រ័យទៅលើការចរចា។ ទោះបីជាយ៉ាងណាក៏ដោយលោកបានបន្តថា តំបន់នោះ នឹងអភិវឌ្ឍទៅជាគម្រោងធំមួយនៅក្នុងរយៈពេល៦ឆ្នាំខាងមុខទៀត។

អ្នកជំនាញជាន់ខ្ពស់ខាងផ្នែកអចលនទ្រព្យបានថ្លែងថា ៖ «ដីនេះគឺគេត្រូវតែសាងសង់ហើយ។ ជួលរាល់ថ្ងៃគឺជួលរយៈពេលខ្លីទេដោយសារតែស្ថានភាពបន្ចុប្បន្ន»។ លោកបានបន្តថា ប្រសិនបើដីនោះអភិវឌ្ឍក្នុងពេលឥឡូវនេះ នឹងមិនមានអ្នកដែលលក់ទៅឲ្យទេ ព្រោះសេដ្ឋកិច្ចប្រទេសកម្ពុជានៅមានលក្ខណៈតូចចង្អៀតនៅឡើយ។

លោកបានបន្ថែមថា ៖ «ឆ្នាំ២០១៥ ដល់២០១៨ គេអត់សាងសង់ទេ។ គេចាំដល់ GDP យើងឡើងដល់២០០០ដុល្លារ ហើយប្រជាជនរស់នៅក្នុងទីក្រុងកើនឡើងច្រើនជាងពេលនេះ ទើបគេនឹងសាងសង់។ គេនឹងសាងសង់យ៉ាងហោចណាស់ក៏នៅឆ្នាំ២០១៩ ឬ២០២០ដែរ ទើបបានគេសាងសង់»។

ដោយសារតែទីតាំងអំណោយផលដីទំហំ៤ហិកតានេះមានតម្លៃយ៉ាងហោចណាស់ក៏ ៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េដែរ។ ផ្លូវនៅផ្នែកខាងជើងនៃដីនេះមាន ទទឹងទំហំ៣០ម៉ែត្រ។

អ្នកជំនាញមួយរូបនោះបានប្រមើលមើលថា គម្រោងដែលនឹងអភិវឌ្ឍនៅដីនោះ អាចជាសណ្ឋាគារអគារ ការិយាល័យ ឬខុនដូ។ លោកបានសង្កត់ធ្ងន់ថា តំបន់នោះ នឹងត្រូវតែអភិវឌ្ឍនៅក្នុងរយៈពេល ៥ឆ្នាំទៀត។

ខណៈពេលដែលគម្រោងធំនេះនៅពុំទាន់មានលេចចេញជារូបរាងនៅឡើយ គេសង្កេតឃើញមានភោជនីយដ្ឋានថ្មីមួយចំនួនបានបើក ហើយក៏ឃើញមានភោជនីយដ្ឋានចាស់ៗមួយចំនួនក៏បានបិទទ្វារវិញ បន្ទាប់ពីបានធ្វើអាជីវកម្មអស់រយៈពេលប៉ុន្មានខែក្រោយមក។

លោក សត្ថា បានឲ្យដឹងថា មូលហេតុ គឺដោយសារតែ ៖ «អ្នកដែលមកកន្លែងនេះ គឺជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់។ ហាងបើកធម្មតាទប់មិនរួចទេ»។

ហាង Zest ដែលជាហាងថ្មីទើបតែនឹងបើកមួយ ដែលហាងនេះ គឺធ្លាប់ជាហាង Blue Monkey ដោយមានម្ចាស់តែមួយ។ អ្នកនាងបានបើកហាង Blue Monkey អស់រយៈពេលមួយឆ្នាំ មុននឹងបិទឈប់ធ្វើអាជីវកម្ម។ មូលហេតុដែលអ្នកនាងបានប្តូរឈ្មោះហាង គឺមកពីហាង Blue Monkey របស់អ្នកនាងមិនបានរកចំណូលបានច្រើន ដូចជាការគ្រោងទុក។ ដោយហាង Blue Monkey បានផ្តោតទៅលើអតិថិជនលក្ខណៈគ្រួសារ ហាង Zest របស់អ្នកនាង គឺផ្តោតលើការទាក់ទាញយុវវ័យខ្មែរ ដែលមានបំណងចង់ទៅផឹកស្រាក្រឡុក ហើយទស្សនាការប្រគំតន្ត្រី។

ពេលដែលសួរថា តើអ្នកនាងនឹងធ្វើយ៉ាងណាប្រសិនបើមានគម្រោងអភិវឌ្ឍន៍ហើយហាងរបស់អ្នកនាងត្រូវតែបិទទ្វារ អ្នកនាងបានប្រាប់ថា អ្នកនាងមិនព្រួយពីបញ្ហានេះទេ ព្រោះពេលនោះហាងផ្សេងៗទៀត ដែលនៅតំបន់នោះក៏ត្រូវបិទទ្វារដែរ មិនមែនតែហាងរបស់អ្នកនាងតែមួយនោះទេ។

ទោះជាយ៉ាងណាក្តី អ្នកនាងបានបន្តថា អ្នកនាងពុំបានទទួលព័ត៌មានពីម្ចាស់ជួលដីអំពីគម្រោងវិនិយោគក្នុងពេលឆាប់ៗនេះទេ ហើយអ្នកនាងក៏មិនដឹងដែរថា តើអ្នកនាងអាចនឹងជួលដីនោះបានដល់រយៈពេលណាដែរ។

បើទោះជាលោក សត្ថា បាននិយាយថា លោកពុំដឹងថាលោក ឬអ្នកជំនួញនៅទីនោះនឹងធ្វើយ៉ាងណានៅពេលដែលគម្រោងវិនិយោគនោះនឹងត្រូវបានដាក់ដំណើរការក៏ដោយ អ្នកជំនាញជាន់ខ្ពស់របស់ CVEA បានពន្យល់ថា សម្រាប់កុងត្រាជួលបែបនេះហាងដែលជួលនោះផ្ទាល់នឹងមិនត្រូវបានផ្តល់ជាសំណងនោះទេ។

លោកបានបន្តថា ៖ «ពួកគេនឹងត្រូវរុះរើហាងរបស់គេដោយខ្លួនឯង»៕

Source From: Phnom Penh Post


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789