ព័ត៌មានទូទៅ

ទីផ្សារអាផាតមិន បង្ហាញសញ្ញានៃការកើនឡើង

on .

ខណៈដែលកំណើនទីផ្សារខុនដូនៅប្រទេសកម្ពុជា មានការយឺតយ៉ាវ ទីផ្សារអាផាតមិននឹងត្រូវពង្រីកបន្ថែម។

អ្នកនាង អាន ធីតា នាយិការង ជាន់ខ្ពស់ គ្រប់គ្រង នៅក្រុមហ៊ុន CBRE កម្ពុជា បាននិយាយក្នុងបទបង្ហាញនៅក្នុងសន្និសីទ Real Estate Market & Outlook នៅដើមឆ្នាំនេះថា ទីក្រុងភ្នំពេញ មានការផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ការសាងសង់សំណង់អាផាតមិន។ 

យោងតាមការស្រាវជ្រាវផ្នែកទីផ្សារនៃក្រុមហ៊ុន CBRE បានឲ្យដឹងថា អត្រាប្រើប្រាស់ដីធ្លីសម្រាប់ការសាងសង់អាផាតមិន នៅទីក្រុងភ្នំពេញ មានរហូតដល់ ៨៥,៨០ភាគរយ។ របាយការណ៍ឆ្នាំ២០១៥ របស់ក្រុមហ៊ុន CBRE កម្ពុជា បានបង្ហាញថា មានជនបរទេសប្រមាណជា ៣៥០០០នាក់ បានស្នើសុំការអនុញ្ញាតមកធ្វើការនៅប្រទេសកម្ពុជារាល់ឆ្នាំ បើប្រៀបធៀបជាមួយនឹងអត្រាផ្គត់ផ្គង់នៃសំណង់អាផាតមិន នៅទីក្រុងភ្នំពេញ ដែលមានចំនួន ៦៤៩៤យូនីត។

អតុល្យភាពនៃការផ្គត់ផ្គង់ក្នុងទីផ្សារនេះ គឺជាហេតុផលសំខាន់មួយនៃការឡើងតម្លៃ នៃសំណង់អាផាតមិននៅក្នុងទីផ្សារ បើប្រៀបធៀបនឹងទីផ្សារអាផាតមិននៅទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងហូជីមិញ។

អត្រាឈ្នួលផ្ទះប្រចាំខែ នៅក្នុងតំបន់បឹងកេងកង និងតំបន់ដូនពេញ ជាតំបន់ពេញនិយម មានតម្លៃរហូតដល់ ៣៥០០ដុល្លារអាមេរិក ក្នុងមួយខែ។

លោក Jeremiah lee ប្រធានគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍន៍ Kingsland Global មានទីតាំងនៅប្រទេសសិង្ហបុរី បាននិយាយថា ៖ «ខណៈដែលប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសដែលមានការអភិវឌ្ឍខ្លាំង មានជីវភាពរស់នៅល្អ និងការកើនឡើងនៃអ្នកទេសចរបរទេស និងសមត្ថភាពប៉ិនប្រសប់ វាបានបង្កើតឲ្យមានតម្រូវការគេហដ្ឋាន និងការរស់នៅដែលមានស្តង់ដារ និងគុណភាពខ្ពស់»។

ក្រុមហ៊ុន Kingsland នឹងឈានជើងចូលក្នុងវិស័យអាផាតមិន នៅទីក្រុងភ្នំពេញ ដោយមានគម្រោងសាងសង់ One18 Residences Project មានទីតាំងនៅលើផ្លូវ១១៨ ដែលជិតនឹងបញ្ចប់ការសាងសង់ហើយនាពេលនេះ។

អ្នកនាង ធីតា បានលើកឡើងថា បើមើលក្នុងរូបភាពធំវិញ ទាក់ទងនឹងទីផ្សារអាផាតមិនក្នុងតំបន់ទីក្រុងភ្នំពេញ មានអត្រាឈ្នួលទាបជាងគេសម្រាប់អាផាតមិន ដែលមានគុណភាពខ្ពស់បើប្រៀបធៀបក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកដែលរាប់ចាប់ពីអាផាតមិន ដែលមានបន្ទប់គេង១ដល់អាផាតមិនដែលមានបន្ទប់គេង៣។

ប៉ុន្តែលោក Sofia Perez ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Knight Frank កម្ពុជា បាននិយាយថា ៖ «វាមិនសមហេតុផលទេ បើយើងស្វែងរកសំណង់អាផាតមិននៅតំបន់ដាច់ស្រយាលជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលមានគម្រោងសាងសង់ខុនដូ អាចប្រែក្លាយជាសំណង់អាផាតមិនវិញ ឬក៏ពីអាផាតមិនទៅជាខុនដូវិញនោះ»។

លោក Perez បានបន្តថា ៖ «ភាពខុសគ្នាធំមួយ រវាងសំណង់ខុនដូ និងសំណង់អាផាតមិននៅប្រទេសកម្ពុជា គឺទាក់ទងនឹងការសុំសិទ្ធិធ្វើកម្មសិទ្ធិ។ ទាំងសំណង់ខុនដូ និងសំណង់អាផាតមិន នៅប្រទេសកម្ពុជា នៅទំនេរសម្រាប់ជួល ដែលធ្វើឲ្យអ្នកជួលទាំងអស់នោះ មិនអាចកំណត់ភាពខុសគ្នាបានរវាងសំណង់ទាំងពីរ។ អាផាតមិនធំៗ និងទំនើបៗទាំងនោះ បានផ្តល់ឲ្យនូវ គ្រឿងបរិក្ខារ និងសេវាកម្មដូចគ្នាទៅនឹងសំណង់ខុនដូ»។

«ដូច្នេះការផ្គត់ផ្គង់នៃសំណង់គេហដ្ឋានសម្រាប់ជួលអាចមានច្រើនជាងតម្រូវការជាពិសេសនៅពេលដែលការផ្គត់ផ្គង់ផ្នែកសំណង់ខុនដូ នឹងធ្វើការដាក់លក់អនឡាញនៅពេលពីរទៅបីឆ្នាំទៀត ខណៈបច្ចុប្បន្ននេះមានសំណង់ខុនដូ ប្រហែលជា ២០០០០យូនីត ប្រសិនបើគម្រោងសាងសង់ទាំងនោះបានបញ្ចប់ទៅតាមកាលកំណត់»។

ធីតា បន្ថែមថា មានការយល់ច្រឡំថា តម្លៃនៃអាផាតមិននោះ អាចកំណត់ពីភាពជោគជ័យនៃវិស័យអាផាតមិនបានខណៈដែលអាផាតមិនទាំងនោះត្រូវបានដាក់លក់អនឡាញ។

លោក Perez ឯកភាពលើចំណុចនេះដោយលោកបានថ្លែងថា ៖ «វាមានភាពខុសគ្នាដ៏សំខាន់រវាងសំណង់ខុនដូ និងគម្រោងអភិវឌ្ឍន៍អាផាតមិន ដែលមានស្តង់ដារ និងសំណង់មួយចំនូនមិនបានរាប់បញ្ចូលក្នុងស្តង់ដារទាំងនោះ។ ជាមួយគ្នាដែរ ខ្ញុំគិតថា ការសាងសង់គេហដ្ឋានដែលមានគុណភាព គឺមិនចាំបាច់សាងសង់ឲ្យមានកម្ពស់ខ្ពស់ ឬទំហំធំនោះទេ តែត្រូវធ្វើឡើងគ្រប់ខ្នាតទាំងអស់»។

នៅក្នុងទីក្រុងភ្នំពេញ តំបន់ទួលគោក បានរីកចម្រើនគួរកត់សម្គាល់ ហើយនឹងមានតម្រូវការខ្ពស់ផ្នែកអាផាតមិន ដែលមានគុណភាពល្អ ទាំងនេះជាការលើកឡើងដោយអ្នកនាង ធីតា។ រីឯតំបន់ដូនពេញ វិញ មានអត្រាប្រើប្រាស់ដីធ្លីច្រើន។

អ្នកនាង ធីតា បានព្រមានអ្នកអភិវឌ្ឍន៍គម្រោងដទៃទៀតថា វិស័យអាផាតមិននៅកម្ពុជានៅមានភាពលំបាក ដែលវារួមមាន កង្វះទីធ្លាចតឡានម៉ូតូ ហើយមួយចំនួនមានកង្វះប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណង់។

ប៉ុន្តែបើសិនអ្នកអភិវឌ្ឍន៍គម្រោងទាំងនោះមានជម្រើសត្រឹមត្រូវ ទីផ្សារអាផាតមិននៅភ្នំពេញ អាចជាគោលដៅដ៏សំខាន់ក្នុងភាពជោគជ័យរបស់ពួកគេ។

អ្នកនាង ធីតា មានប្រសាសន៍ ថា ៖ «ប្រសិនបើអ្នកសាងសង់អចលនទ្រព្យរបស់អ្នកនៅលើទីតាំងត្រឹមត្រូវ និងគ្រប់គ្រងវាបានល្អ អាផាតមិននោះនឹងបង្កភាពងាយស្រួលសម្រាប់ភាពទទួល បានជោគជ័យរបស់អ្នក»៕

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789