ព័ត៌មានទូទៅ

តើគម្រោងសង់ទីក្រុងថ្មីនៅកម្ពុជារបស់ក្រុមហ៊ុនចិន អាចទៅមុខរួចដែរឬទេ?

on .

ចំនួនទឹកប្រាក់៥០០០លានដុល្លារអាមេរិកសម្រាប់សាងសង់ទីក្រុងថ្មីមួយនៅកម្ពុជា ដែលគ្រោងវិនិយោគដោយក្រុមហ៊ុនយក្សមួយមកពីប្រទេសចិន Country Garden Holdings Company Limited ស្ថិតនៅតែជាសំណួរនៅឡើយ ខណៈអ្នកជំនាញក្នុងវិស័យនេះហាក់មិនទាន់ជឿគម្រោងប្រកបដោយមហិច្ឆតានេះនៅឡើយ។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព កាលពីសប្តាហ៍មុនលោក យ៉ាង កូវឈាំង ប្រធានក្រុមហ៊ុន Country Garden Holdings Company Limited បានប្រាប់សម្តេចតេជោថា នេះគឺជាដំណើរទស្សនកិច្ចរបស់លោកលើកទី១ ក្នុងការមកពិនិត្យ សិក្សាស្រាវជ្រាវដើម្បីវិនិយោគការសាងសង់ទីក្រុងទំនើបមួយនៅកម្ពុជា។

លោកបន្តថា ក្រុមហ៊ុនរបស់លោកមានថវិកាប្រមាណ ៥ពាន់លានដុល្លារក្នុងការវិនិយោគ ហើយសព្វថ្ងៃនេះក្រុមហ៊ុនរបស់លោកកំពុងតែវិនិយោគនៅប្រទេសម៉ាឡេស៊ី ក្នុងការសាងសង់ទីក្រុងទំនើបមួយដែលអាចឲ្យមនុស្សស្នាក់នៅប្រមាណ២លាននាក់។

ក្រុមហ៊ុននេះបានបង្ហាញបំណងចង់សាងសង់ទីក្រុងទំនើបនៅប្រទេសកម្ពុជា ដោយយកគំរូតាមទីក្រុងទំនើបមួយនៅព្រំដែនប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។

លោក យ៉ាង កូវឈាំង បានសុំអនុសាសន៍ពីសម្តេចតេជោ ដើម្បីពិនិត្យលទ្ធភាពសាងសង់ទីក្រុងដូចគ្នានេះ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងជួយរំដោះចរាចរណ៍កកស្ទះនៅក្នុងទីក្រុងផង និងសាងសង់ទីក្រុងថ្មីមួយ ដែលមានលក្ខណៈទំនើប និងមានសោភណភាពល្អ។

នៅក្នុងជំនួបនោះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្វាគមន៍ចំពោះការសិក្សាស្វែងយល់ការវិនិយោគទីក្រុងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចបានផ្តល់ អនុសាសន៍ឲ្យសិក្សាលើគម្រោងប្លង់មេរបស់ទីក្រុងភ្នំពេញ ដើម្បីស្វែងយល់តំបន់ណា ដែលអាចសាងសង់ទីក្រុងបាន និងតំបន់ណាមិនអាចសាងសង់បាន។

សម្តេចបានស្នើឲ្យក្រុមហ៊ុននេះធ្វើការជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាសិក្សាឲ្យបានលម្អិតមុននឹងវិនិយោគ ព្រោះវាគឺជាការវិនិយោគដ៏ធំមួយ ដែលអាចជួយរួមចំណែកជំរុញកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា។

នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Focus Property លោក ប៉ូ អ៊ាវគង់ បានថ្លែងថា លោកបានទទួលព័ត៌មានពីគម្រោងរបស់ក្រុមហ៊ុនខាងលើនេះតាមរយៈសារព័ត៌មានតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានឆែកព័ត៌មានលម្អិតពីក្រុមហ៊ុននេះនៅឡើយទេ ដោយលោកបានលើកឡើងថា ការសិក្សាគម្រោងណាមួយវាត្រូវការរយៈពេលវែង ព្រោះការសាងសង់ទីក្រុងមួយ វាត្រូវចំណាយពេលលើសពី៥ឆ្នាំ ព្រោះគម្រោងនេះអាចផ្ទុកមនុស្សបាន២លាននាក់ គឺជាទីក្រុងថ្មីមួយ ហើយ គឺមិនមែនត្រឹមតែជាទីក្រុងរណប នោះទេ។

លោកបន្តថា ៖ «វាត្រូវការរយៈពេលមិនក្រោម ២០ឆ្នាំនោះទេ ដើម្បីរៀបចំកសាងទីក្រុងថ្មីមួយ ព្រោះវាទាមទារឲ្យមានការរៀបចំប្លង់មេសម្រាប់អនាគត ដូច្នេះគម្រោងទីក្រុងនេះ នឹងមិនកើតឡើងនៅរយៈពេល ៥ទៅ១០ឆ្នាំខាងមុខនោះទេ»

លោកបន្តថា៖ «ប្រសិនជាគិតអំពីលំហូររបស់ប្រជាជនចូលមករស់នៅក្នុងទីក្រុង គម្រោងនេះអាចកើតឡើងបាន ព្រោះតាមការសិក្សារបស់ RICS បានព្យាករថា នៅឆ្នាំ២០៣០ ខាងមុខប្រជាជនរស់នៅតាមប្រទេសនានា នឹងរស់នៅតាមទីក្រុងចន្លោះពី៥០ ទៅ៦០ភាគរយនៃដង់ស៊ីតេប្រជាជនសរុប»

ទោះជាយ៉ាងណា គម្រោងនេះស្ថិតក្នុងភាពមិនទាន់ច្បាស់លាស់នៅឡើយ ខណៈអាជ្ញាធរពាក់ព័ន្ធមិនទាន់ដឹងរឿងនេះនៅឡើយទេ។

លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្រសួងមិនទាន់បានទទួលសំណើពីក្រុមហ៊ុន Country Garden Holdings Company Limited ចុះធ្វើការសិក្សាពីតំបន់ណាមួយ ដើម្បីសាងសង់ទីក្រុងថ្មី ណាមួយនោះទេ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា ក្រុងមិនទាន់ទទួលបានសំណើសុំចុះសិក្សាពីទីតាំងណាមួយរបស់ក្រុមហ៊ុនខាងលើនោះ នៅឡើយទេ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងថា ក្រុមហ៊ុននេះជាក្រុមហ៊ុនលំដាប់ Top 10TOP 20 នៅក្នុងប្រទេសចិន ដែលតាមព័ត៌មានលោកបានដឹងអំពីក្រុមហ៊ុននេះធ្លាប់បានទៅបំផើមព័ត៌មានបែបនេះនៅប្រទេសម៉ាឡេស៊ី និងប្រទេសទីម័រ រួចមកហើយ ដូច្នេះលោកមិនទាន់ជឿពីគម្រោងនេះទេ ព្រោះថា បើគម្រោងទីក្រុងថ្មីនេះ កើតឡើងមែនទាល់តែប្រទេសយើងមានមនុស្សចាប់ពី២៥ទៅ៣០លាននាក់។

លោក ហ៊ាង បន្តថា ៖ «ខ្ញុំគាំទ្រគម្រោងនេះវាពិតជាល្អ ប៉ុន្តែវាមិនទាន់ដល់ពេលនៅឡើយទេ។ វានៅលើផ្លូវវែងឆ្ងាយពេក។ វាទាល់តែទីក្រុងភ្នំពេញមានមនុស្សរស់នៅពី ៧ទៅ១០លាននាក់ និងផលទុនជាតិសរុបរបស់មនុស្សម្នាក់ៗកើនឡើងចន្លោះពី ៥០០០ទៅ៧០០០ដុល្លារអាមេរិក ទើបអាចទៅរួច»

លោកបន្តថា ៖ «ប្រសិនជាទីក្រុងភ្នំពេញ មានមនុស្សរស់នៅត្រឹមជាង២លាននាក់នាពេលនេះ និងប្រជាជនមានចំណូលប្រចាំឆ្នាំជាង១៣០០ដុល្លារក្នុងមួយឆ្នាំ វាមិនទាន់ដល់ពេលនៅឡើយទេ»

លោក ហ៊ាង បានលើកជាសំណួរថា ដង់ស៊ីតេប្រជាជន និងចំណូលរបស់ប្រជាជននៅក្នុងកម្រិត នេះ តើមានអ្នកណាទៅរស់នៅ បើសាងសង់ទីក្រុងនោះរួច?

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789