ព័ត៌មានទូទៅ

សាលាក្រុង៖ ទីក្រុងភ្នំពេញ នឹងពុំមានជំនន់ទឹកភ្លៀងលិចផ្លូវ និងលំនៅឋានដូចឆ្នាំមុនៗទៀតទេ

on .

ខណៈរដូវវស្សាបានឈានចូលមកដល់ប្រជាកសិករនៅទូទាំងប្រទេសតែងតែត្រូវការ ហើយទន្ទឹងរង់ចាំទឹកភ្លៀងជានិច្ចនោះ ជារឿយៗអ្នករស់នៅក្នុងទីក្រុងភ្នំពេញបែរជាមានក្តីព្រួយបារម្ភហើយចោទជាសំណួរថា តើឆ្នាំនេះនៅតាមផ្លូវ ទីតាំងអាជីវកម្ម និងផ្ទះសំបែងរបស់ពួកគេលិចទឹកដូចឆ្នាំមុនដែរឬទេ?

ចម្លើយឆ្លើយតបទៅនឹងកង្វល់អស់ទាំងនោះ គ្មាននរណាម្នាក់ដឹងឡើយទេ គឺម្នាក់ៗរង់ចាំមើលពេលភ្លៀងធ្លាក់មកដល់សិន។

ប៉ុន្តែបើតាមការអះអាងរបស់មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា៖ «ឆ្នាំនេះអភិបាលរាជធានីភ្នំពេញ បានចាត់ទុកការងាររំដោះជំនន់ទឹកភ្លៀងនេះជាអាទិភាពទី១» ហើយលោកតាំងចិត្តធានាការពារមិនឲ្យមានទឹកជន់លិចលង់តាមផ្លូវនានានៅក្រោយ ពេលភ្លៀងធ្លាក់ដូចកាលពីឆ្នាំមុនៗ ទៀតទេ។

លោក ជិន ប៊ុនធឿន អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់តាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា ក្រោយពីចុះពិនិត្យតាមការដ្ឋានសាងសង់ និងជួសជុលស្ថានីយបូមទឹកចេញពីទីក្រុងរួចមក លោកអភិបាលមានទំនុកចិត្តថា ឆ្នាំនេះនឹងធានាបានពុំឲ្យមានទឹកភ្លៀងជន់លិចនៅតាមផ្លូវ ឬនៅតាមតំបន់លំនៅឋានរបស់ប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញដូចពេលមុនទេ។

លោកថ្លែងថា ៖ «ដោយសំអាងអំពីស្ថានីយបូបទឹកថ្មីៗបំពាក់ដោយក្បាលបូមថ្មីធំៗរបស់យើងដែលបាននិងកំពុងស្ថាបនារួចរាល់ជាបណ្តើរៗនេះ លោកអភិបាលអះអាងថា ឆ្នាំនេះរាជធានីភ្នំពេញ នឹងមិនញាំញីដោយជំនន់ទឹកភ្លៀងទៀតទេ»។

លោក ប៊ុនធឿន បានបន្តថា ៖ «បច្ចុប្បន្ននេះ យើងមានស្ថានីយបូមទឹកចេញពីរាជធានីភ្នំពេញចំនួន១១ស្ថានីយ ដោយក្នុងនោះមាន៣ស្ថានីយ គឺជាសមិទ្ធផលថ្មីរបស់សាលារាជធានី ដូចជាស្ថានីយបូមទឹកបឹងត្របែកនៅក្បែរស្ថានីយចាស់នោះ យើងបានសាងសង់ស្ថានីយបូមទឹកថ្មីមួយទៀត ស្ថានីយបូមទឹកទួលគោក១ និងទួលគោក២»។

លោកបន្តថា ៖ «ចំពោះស្ថានីយបូមទឹកថ្មីបឹងត្របែកនោះ ត្រូវបានបំពាក់ដោយក្បាលបូមស្វ័យប្រវត្តិធំៗថ្មីចំនួន១១ ដោយមានមុខកាត់ទំហំ០,៨០ម៉ែត្រ ចំនួន៥ក្បាលបូម និងមុខកាត់១ម៉ែត្រ ចំនួន៦ក្បាលបូម» ដោយក្បាលបូមធំនីមួយៗមានសមត្ថភាពអាចបូមទឹកបាន២៣,៣០ម៉ែត្រគូបក្នុងមួយវិនាទី។

លោកបញ្ជាក់ថា ៖ «អំឡុងពេលដើមរដូវភ្លៀងនេះ យើងទើបតែប្រើប្រាស់ស្ថានីយបូមទឹកតែមួយផ្នែកនៃស្ថានីយបូមទឹកបឹងត្របែកតែប៉ុណ្ណោះ ព្រោះជាក់ស្តែងនៅតាមស្ថានីយផ្សេងទៀត ក៏អត់ទាន់មានទឹកត្រូវបូមដែរ ដូច្នេះសាលាក្រុងសង្ឃឹមជឿជាក់ថា រដូវវស្សាឆ្នាំនេះនឹងពុំមានជំនន់ទឹកភ្លៀងលិចលង់ទីក្រុងដូចពីអតីតកាលទេ»។

យោងតាមរបាយការណ៍របស់ លោក ឯម សុភា មេក្រុមបច្ចេកទេស និងជាប្រធានការដ្ឋានសាងសង់ នៅស្ថានីយបូមទឹកបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ បានឲ្យដឹងថា ស្ថានីយបូមទឹកនេះត្រូវបានបើកការដ្ឋាន កាលពីដើមខែមករាឆ្នាំ២០១៦ កន្លងមក ហើយវាចែកជា ២ដំណាក់កាល ដែលគម្រោងទី១ មានទ្វារទឹកចំនួន៦ ដែលគ្រោងនឹងបញ្ចប់នាចុងខែសីហា ឆ្នាំ២០១៦ ខាងមុខនេះ ចំណែកគម្រោងទី២ មានទ្វារទឹកចំនួន៥។ គិតមកត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ គម្រោងទី១ សម្រេចបាន៧០ភាគរយហើយ។

ទោះជាយ៉ាងណាទាំងនៅក្នុងរបាយការណ៍ និងទាំងការថ្លែង របស់មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពុំបានបញ្ជាក់អំពីទំហំទឹកប្រាក់នៃគម្រោងវិនិយោគសាធារណៈនេះទេ។

លោក ច្រឹក សុខនីម អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Century21 Mekong បានអបអរសាទរដំណឹងថ្មីពាក់ព័ន្ធនឹងស្ថានីយបូមទឹកចេញពីទីក្រុងនេះ ដោយលោកបានថ្លែងថា ៖ «ថ្វីបើកន្លងមកមានទឹកភ្លៀងជន់លិចតំបន់លំនៅឋានរបស់ប្រជាជនខ្លះៗក៏ពិតមែន ប៉ុន្តែវាមិនប៉ះពាល់ដល់ទីផ្សារអចលនទ្រព្យនៅភ្នំពេញទេហើយបើវារំខានធ្វើឲ្យមានការរាំងស្ទះដល់ការដ្ឋានសំណង់នានានោះក៏អត់មានអ្វីចោទជាបញ្ហាធំដែរ»។

លោកបានថ្លែងបន្តថា៖ «ប៉ុន្តែខ្ញុំត្រេកអរក្នុងនាមប្រជាជនរស់ នៅក្នុងទីក្រុងនេះដោយពុំមានការលិចលង់តាមផ្លូវ ឬនៅតាមលំនៅឋានតទៅទៀត»។

លោក ហូ វណ្ឌី បច្ចុប្បន្នជាទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអតីតសហប្រធានក្រុមការងារទេសចរណ៍ បានឲ្យដឹងថា៖ «បើនិយាយប្រៀបធៀបពីទឹកជំនន់នៅតាមទីក្រុងនៅក្នុងតំបន់យើងនេះ គឺនៅទីក្រុងភ្នំពេញ មានតិចតួចណាស់ ហើយវាមិនប៉ះពាល់ដល់ឧស្សាហកម្មទេសចរណ៍នៅទីនេះប៉ុន្មានទេ ព្រោះរដូវភ្លៀង គឺជារដូវដែលភ្ញៀវទេសចរគេអត់ដើរកម្សាន្តទេ»។ «បើក្រឡេកមើលទីក្រុងបាងកក កាលពីកន្លងមកធ្លាប់មានទឹកជន់លិចលង់ដល់រំខានដំណើរការរបស់ព្រលានយន្ត ហោះទៀតផង»។

ទោះជាយ៉ាងណា អាជីវករម្នាក់សុំពុំបញ្ចេញអត្តសញ្ញាណ ដែលមានហាងលក់នំប៉័ងរបស់គាត់នៅតាមមហាវិថីម៉ៅសេទុង ពុំទាន់ជឿជាក់លើសាលាក្រុងនៅឡើយទេ។ អ្នកស្រីបានថ្លែងថា បើនិយាយពីរដូវភ្លៀងធ្លាក់ នៅតាមផ្លូវម៉ៅសេទុង ត្រង់ម្តុំផ្សារដើមគ និងសាលាសន្ធរម៉ុក មានទឹកលិចខ្លាំងជាងគេ។

អ្នកស្រីរំឭកថា៖ «ថ្ងៃខ្លះនៅខាង មុខហាងរបស់ខ្ញុំ មានទឹកលិចរហូតដល់លើជង្គង់ ហើយធ្វើឲ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោងនៅទីនោះ»។

«ថ្ងៃខ្លះស្ទើរពេញមួយថ្ងៃអត់មានភ្ញៀវចូលមកក្នុងហាងរបស់ខ្ញុំម្នាក់ទេ ព្រោះទឹកជន់លើផ្លូវនៅមុខហាងនោះជ្រៅខ្លាំងពេក»។ នេះបើតាមសម្តីរបស់អ្នកស្រីម្ចាស់ហាងលក់នំប៉័ង៕

ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789