
ទីតាំងនៃកំពង់ផែស្វយ័តភ្នំពេញ នឹងក្លាយទៅជាសួនច្បារតាមដងទន្លេសាប?
បរិវេណទាំងអស់នៅផ្នែកខាងកើតចិញ្ចើមថ្នល់នៃតិរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីម្តុំផ្សារចាស់រហូតដល់គល់ស្ពានជ្រោយចង្វារ ក្នុងនោះរួមទាំងទីតាំងរបស់កំពង់ផែស្វយ័តភ្នំពេញ ផងដែរ នឹងត្រូវរៀបចំជាសួនច្បារសាធារណៈបន្តពីសួនច្បារពីខាងមុខ ព្រះបរមរាជវាំងដល់សួនច្បារផ្សារចាស់ និងបន្តរហូតទៅដល់គល់ស្ពានជ្រោយចង្វារ តែម្តង។
នេះ បើតាមប្រភពព័ត៌មានពី លោក ជិន ប៊ុនធឿន មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលសាលារាជធានីភ្នំពេញទទួលបានអនុសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីសម្តេចបានធ្វើដំណើរថ្មើជើងដើរហាត់ប្រាណនៅឯសួនច្បារមុខ ព្រះបរមរាជវាំង និងសួនច្បារនៅម្តុំមាត់ទន្លេចតុមុខនាត្រើយខាងលិច កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ។ លោក ប៊ុនធឿន បញ្ជាក់ថា៖ «សម្តេចនាយករដ្ឋមន្ត្រី ចង់ឃើញសួនច្បារដ៏វែងនេះ កើតមានឡើងនៅមុនពេលបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ»៕
ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍