
ការវិនិយោគផ្នែកសណ្ឋាគារ ប៊ូទិក កំពុងកើនឡើង
កំណើននៃចំនួនភ្ញៀវទេសចរដែលចូលមកសម្រាកលម្ហែកាយនៅក្នុងប្រទេស កម្ពុជា កំពុងមាននិន្នាការងាកទៅស្នាក់នៅតាមសណ្ឋាគារប៊ូទិក ដែលធ្វើឲ្យរយៈពេលពីរបីឆ្នាំចុងក្រោយនេះ មានសន្ទុះវិនិយោគលើវិស័យសណ្ឋាគារប៊ូទិក នៅក្នុងប្រទេសកម្ពុជា ពីសំណាក់វិនិយោគិនក្នុងស្រុក និងមកពីបរទេស រួមទាំងនៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប ដោយចំនួនសណ្ឋាគារប៊ូទិក បានហក់ឡើងរាប់រយទីតាំង។
លោក គឹម ឆាយហ៊ាង អភិបាលរងខេត្តសៀមរាប បានឲ្យដឹងថា អំឡុងពេលពីរបីឆ្នាំចុងក្រោយនេះ ហាក់មានការវិវត្តថ្មីមួយនៅក្នុងឧស្សាហកម្មសណ្ឋាគារ គឺ «មានចំនួនគម្រោងសណ្ឋាគារប៊ូទិក បាននិងកំពុងកើតឡើងច្រើន នៅទីក្រុងសៀមរាប ព្រោះវាមានតម្រូវការពីភ្ញៀវទេសចរអន្តរជាតិជាច្រើន ដែលពួកគេមានចំណាប់អារម្មណ៍លើប្រភេទទីកន្លែងស្នាក់នៅរបៀបប៊ូទិក ជាជាងនៅតាមសណ្ឋាគារធំៗ»។
លោកអភិបាលរងខេត្តរូបនេះ បានថ្លែងបន្តថា ៖ «ឥឡូវនេះ យើងក៏ឃើញមានលំនៅឋានរស់នៅរបស់ប្រជាជននៅក្នុងក្រុងមួយចំនួនត្រូវ បានអភិវឌ្ឍទៅជាប៊ូទិក»។
លោកបញ្ជាក់ថា រហូតមកដល់ឆ្នាំនេះ «នៅក្នុងខេត្តសៀមរាប របស់យើងមានសណ្ឋាគារប៊ូទិកប្រមាណជាង១០០ទីតាំងដោយក្នុង នោះភាគច្រើនពួកគេអាចមានចំនួនបន្ទប់ចាប់ពី៥-១០ ទៅជាង ២០បន្ទប់ប៉ុណ្ណោះ និងមួយចំនួនទៀតមានដល់រាប់សិបបន្ទប់»។
និន្នាការ ថ្មីក្នុងការស្វែងរកកន្លែងស្នាក់នៅរបៀបប៊ូទិកនេះ គឺវាមានភាពងាយស្រួលទាំង វិនិយោគិន និងភ្ញៀវទេសចរមកស្នាក់នៅផងដែរ។
លោកបញ្ជាក់ថា ៖ «ភ្ញៀវទេសចរបរទេសដែលនិយមស្នាក់នៅតាមប៊ូទិក ព្រោះពួកគាត់ត្រូវការលក្ខណៈឯកជនភាគច្រើន សុវត្ថិភាពខ្ពស់ និងភាពស្ងប់ស្ងាត់»។
លោក ឆាយហ៊ាង បានបន្ថែមថា ៖ «ទន្ទឹមនឹងនោះវាក៏ផ្តល់ភាពងាយស្រួលដល់ម្ចាស់សណ្ឋាគារប៊ូទិក ដូចជា ងាយស្រួលក្នុងការគ្រប់គ្រង និងចំណាយលើការវិនិយោគដើមទុនតិចជាដើម»។
ទោះជាយ៉ាងណា បើយោងតាមអ្នកវិនិយោទុនក្នុងស្រុកនៅក្នុងវិស័យសណ្ឋាគារ គឺអ្នកស្រី ឧកញ៉ា ឆាយ ស៊ីវលីង បានអះ អាងថា តាមពិតទៅបើមើលលើទម្រង់នៃការវិនិយោគសម្រាប់សណ្ឋាគារប៊ូទិក ជាទូទៅ «វាមានរូបភាពតូចពិតមែន ប៉ុន្តែការចំ ណាយដើមទុនបែរជាច្រើនជាងលើការវិនិយោគលើគម្រោងសណ្ឋាគារធម្មតា ខ្ពស់ណាស់»។
ដោយលើកឧទាហរណ៍ជាក់ស្តែងមកប្រៀបធៀបបញ្ជាក់ អ្នកស្រី ស៊ីវលីង បានអះអាងថា ៖ «ក្រុមហ៊ុនរបស់យើងមានដីពីរទីតាំងទំហំ(ជិត១ហិកតា) ប្រហាក់ប្រហែលគ្នា។ ទីតាំងទី១ ត្រូវបានសង់ជាសណ្ឋាគារធម្មតាមួយ មានទំហំជាង១០០បន្ទប់ ដែលមានស្តង់ដារចន្លោះផ្កាយបីទៅផ្កាយបួនដែរ»។
អ្នកស្រី បន្តថា ៖ «ប៉ុន្តែដល់ពេលយើងធ្វើការប្រៀបធៀបជាមួយការវិនិយោគលើទីតាំងទី២ ដែលស្ថិតនៅខាងកើតមាត់ស្ទឹងសៀមរាប ក្បែរផ្លូវជាតិលេខ៦ ដោយសង់ជាសណ្ឋាគារប៊ូទិកឈ្មោះលីណាយ៉ា (Lynnaya) ដែលមានត្រឹមតែចំនួន៥០បន្ទប់ ទើបយើងដឹងថា ការវិនិយោគលើគម្រោងសណ្ឋាគារប៊ូទិកអស់ដើមទុនច្រើនរហូតជាង៣,៥០ លានដុល្លារ គឺខ្ពស់ជាងជិត២ដង ធៀបទៅនឹងសណ្ឋាគារធម្មតាមានទំហំជាង១០០បន្ទប់នោះទៅទៀត»។
អ្នក ស្រី ស៊ីវលីង បន្តថា ៖ «យើងបានចំណាយពេលវេលាជាង១ឆ្នាំកន្លះ ដើម្បីសាងសង់សណ្ឋាគារ Lynnaya មានតែ៥០បន្ទប់ ដោយរក្សាឲ្យនៅសល់ផ្ទៃដីទំនេរជាទីធ្លាផ្សេងៗ ជាសួនច្បារ ជាអាងហែលទឹក និងសំណង់បន្ទាប់បន្សំ។ នៅពេលបើកដំណើរការ យើងក៏ត្រូវចំណាយខ្ពស់ជាងជិតបីដងដើម្បីដំណើរការអាជីវកម្ម សណ្ឋាគារប៊ូទិកធៀបទៅនឹងសណ្ឋាគារធម្មតានោះដែរ»។
អ្នកស្រី បានពន្យល់ថា បើនៅសណ្ឋាគារធម្មតា ត្រូវការបុគ្គលិកមួយក្រុម៤-៥នាក់ ដើម្បីមើលថែទាំ និងបម្រើសេវាកម្មសម្រាប់បន្ទប់រវាង ៤-៥ បន្ទប់នោះ «នោះនៅឯសណ្ឋាគារប៊ូទិក យើងត្រូវការបុគ្គលិក ៤-៥ នាក់ សម្រាប់តែ១បន្ទប់ទេ» ព្រោះវាត្រូវមានទាំងអ្នកថែសួនឯកជន អ្នកថែទាំអាងហែលទឹកដាច់ដោយឡែកអ្នកផ្តល់សេវាកម្មផ្នែកស្ប៉ា អ្នកផ្តល់សេវាកម្មទូទៅ... ទាំងនេះគឺដើម្បីឆ្លើយតបទៅនឹងលក្ខណៈឯកជនជាតម្រូវតាមអតិថិជន ស្នាក់នៅតាមសណ្ឋាគារប៊ូទិក។
ប៉ុន្តែ អ្នកស្រី ស៊ីវលីង បានឯកភាពថា៖ «ថ្វីបើមានការចំណាយខ្ពស់សម្រាប់សណ្ឋាគារប៊ូទិក ក៏ពិតមែន ក៏ប៉ុន្តែទន្ទឹមនឹងនោះ សណ្ឋាគារប៊ូទិក វាក៏តម្រូវឲ្យអតិថិជនដែលមកស្នាក់នៅក្នុងសណ្ឋាគារនោះត្រូវចំណាយ ប្រហែល ២ដង ខ្ពស់ជាងការស្នាក់នៅតាមសណ្ឋាគារធម្មតាដែរ»។
អ្នក ស្រីបន្តថា៖ «អ្វីដែលមានភាពងាយស្រួលនោះ គឺអតិថិជនរបស់សណ្ឋាគារប៊ូទិក ភាគច្រើនពួកគាត់ជាបុគ្គលមានជីវភាពធូរធារ ហើយក៏មានការស្នាក់នៅរយៈពេលយូរដែរ»។
«សណ្ឋាគារ Lynnaya របស់យើង គឺផ្តោតទៅលើភ្ញៀវជាជនជាតិបារាំងនិងអតិថិជនវ័យកណ្តាល មកពីទ្វីបអឺរ៉ុប រួមទាំងភ្ញៀវអាស៊ីខ្លះដែរ»។ នេះបើតាមប្រសាសន៍របស់អ្នកស្រី ស៊ីវលីង។ «យើងលក់តម្លៃបន្ទប់សណ្ឋាគារប៊ូទិកនេះចាប់ពី១២០ដុល្លារ ដល់ជាង១ពាន់ដុល្លារក្នុងមួយបន្ទប់»។
លោក ភិន វណ្ណា នាយកក្រុមហ៊ុនអចលនទ្រព្យ Cam-Globe និងជានាយកគ្រប់គ្រងទូទៅប៊ូទិកម្លូខ្មែរ វីឡា ដែលមានទីតាំងនៅតាមផ្លូវសាលាឡត នៃម្តុំវត្តដំណាក់។ លោកបានរំព្ញកថា ពីដំបូងឡើយទីនេះគឺជាលំនៅឋានធម្មតា ដែលស្ថិតនៅលើផ្ទៃដីប្រហែល១២០០ម៉ែត្រការ៉េ។ ប៉ុន្តែក្រោយមកម្ចាស់ប៊ូទិកបច្ចុប្បន្ននេះក៏បានធ្វើការវិនិយោគ ដើម្បីកែប្រែទៅជាប៊ូទិកវិញ ព្រោះគាត់បានមើលឃើញពីតម្រូវការទីផ្សារខ្ពស់កំពុងកើតមានឡើង។
លោក វណ្ណា បន្តថា ៖ «ម្លូខ្មែរ វីឡា ជាសំណង់ឈើរចនាប័ទ្មផ្ទះខ្មែរបីបួនប្រភេទផ្សេងៗគ្នា ប៉ុន្តែមានតែ៨បន្ទប់ប៉ុណ្ណោះ»។
លោកបន្ថែមថា ៖ «ដើម្បីកែច្នៃពីលំនៅឋានមកជាប៊ូទិក គឺត្រូវប្រើពេលអស់មួយឆ្នាំពេញ សម្រាប់ជួសជុលផ្ទះចាស់ សង់សំណង់ផ្ទះថ្មីៗខ្លះ រៀបចំជាសួនច្បារ ជាអាងហែលទឹក និងការតុបតែងផ្នែកខាងក្នុង ហើយទម្រាំនឹងចប់នៅពេលនេះវាក៏ត្រូវការចំណាយប្រាក់អស់ប្រមាណ ៤០-៤៥ម៉ឺនដុល្លារអាមេរិក»។
ចាប់តាំងពីខែមេសាកន្លងមក ម្លូខ្មែរ វីឡា បានចាប់ផ្តើមសាកល្បងទទួលភ្ញៀវឲ្យចូលស្នាក់នៅជាបណ្តើរៗហើយ ដោយមានតម្លៃបន្ទប់រវាង ៨០-១២០ដុល្លារក្នុងមួយយប់ ហើយគ្រោងនឹងបើកសម្ពោធជាផ្លូវការនៅចុងសប្តាហ៍នេះ។
លោក អាង គឹមអ៊ាង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA – Cambodian Agent and Travel Association) បានថ្លែងថា ថ្វីបើសណ្ឋាគារប៊ូទិកនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តសៀមរាប និងទីក្រុងភ្នំពេញ មានលក្ខណៈល្អប្រសើរមិនចាញ់នៅបរទេស ឬក៏ល្អជាងនៅបរទេសក៏ពិតមែន ប៉ុន្តែបើប្រៀបធៀបទៅនឹងតម្លៃនៃការចំណាយស្នាក់នៅ គឺភ្ញៀវទេសចរគាត់ចំណាយធូរថ្លៃរហូតដល់ទៅជិត៣ដង ទាបជាងតម្លៃសណ្ឋាគារប៊ូទិកដូចគ្នានៅឯប្រទេសថៃ និងវៀតណាមដែលនៅក្បែរនេះ។
លោកបន្តថា ៖ «ជាទូទៅសណ្ឋាគារប៊ូទិកហាក់ដូចជាជ្រើសរើសអតិថិជនជាន់ខ្ពស់បន្តិច មែន ប៉ុន្តែវាកំពុងមានតម្រូវការខ្ពស់ពីភ្ញៀវទេសចរវ័យកណ្តាលដែលមាន មុខរបរ ឬការងារមានប្រាក់ចំណូលខ្ពស់ ភាគច្រើនពួកគាត់មកពីទ្វីបអឺរ៉ុប។ ពួកគាត់ចូលចិត្តទីកន្លែងមានផាសុកភាពខ្ពស់ ស្ងាត់ស្ងៀមមិនអ៊ូអរគួបផ្សំជាមួយសេវាកម្មរបៀបប្រពៃណីល្អប្រសើរ និងមានបរិយាកាសល្អ ទាំងនោះគឺជាចំណុចទាក់ទាញរបស់វា»។
លោក គឹមអ៊ាង បន្តថា ៖ «លក្ខណពិសេសរបស់ក្រុមសណ្ឋាគារប៊ូទិក គឺមានលក្ខណៈតូច មិនឆើតឆាយ ប៉ុន្តែវាប្រកបដោយភាពទាក់ទាញដោយសារអ្នកវិនិយោគ គេប៉ិនប្រសប់ច្នៃប្រឌិត មានទេពកោសល្យក្នុងការរចនាតុបតែងខុសពីសាមញ្ញភាព រួមទាំងធម្មជាតិនៅជុំវិញនោះស្រស់បំព្រងគួរឲ្យចំណាប់អារម្មណ៍ថែម ទៀត ដែលយើងមើលទៅលក្ខណៈទាំងអស់នោះវាអាចផ្តល់ភាពសុខដុមជាអតិបរិមា ដល់អ្នកស្នាក់នៅបាន»៕
ប្រភពដើមពី៖ ភ្នំពេញប៉ុស្តិ៍