ព័ត៌មានទូទៅ

ទុនវិនិយោគក្នុងវិស័យសំណង់ កើនឡើងរហូតដល់ជាង ២៦០ ភាគរយ

on .

ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​កើន​ឡើង រហូត​ដល់ ​១ ៦៤៧​ លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ត្រីមាស​ទី​ ១​ ឆ្នាំនេះ ខណៈ​ឆ្នាំ​មុន​ទុន​វិនិយោគ​មាន​ទំហំ​ត្រឹម​តែ ​៤៤៨ ​លាន​ដុល្លារ​អាមេរិក​ដោយ​បាន​កើន​ឡើង​ ២៦៧​ ភាគរយ ប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

លោក ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ចន្ទ​​​ថា គិត​ត្រឹម​ដំណាច់​ត្រី​មាស​ទី​ ១​ ឆ្នាំ​នេះ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​កើន​ពី​ចំនួន ៤៤៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន មក​ដល់​ចំនួន​ ១៦៤៧ ​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​ឆ្នាំនេះ ដោយ​មាន​គម្រោង​វិនិយោគ​ចំនួន ​៤៧៣ ​គម្រោង និង​មាន​ផ្ទៃ​ក្រឡា​សាងសង់​ទំហំ​ជាង ៣,៧​ លាន​ម៉ែត្រ​ការ៉េ​។

លោក​ បន្ត​ថា គិត​រហូត​មក​ដល់​ខែមេសា​កន្លង​មក​នេះ កម្ពុជា ​មាន​អគារ​កម្ពស់​ចាប់​ពី​ ៥ ​ជាន់​ដល់​ ១៣៣ ​ជាន់ ចំនួន​ ៧៧០​ អគារ និង​មាន​ទីក្រុង​រណប និង​បុរី​នានា​ចំនួន ១២២​ ទីតាំង ដែល​បាន​និង​កំពុង​សាងសង់ និង​គម្រោង​ខ្លះ​បាន បញ្ចប់​ការ​សាង​សង់​រួចរាល់​ហើយ។​

លោក​បន្ត​ថា​ ៖ «​កំណើន​វិនិយោគ​ក្នុង​វិស័យ​នេះ​ដោយ​សារ​កម្ពុជា មាន​ច្បាប់​វិនិយោគ​ដ៏​ទាក់​ទាញ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​មក​វិនិយោគ​ នៅ​ក្នុង​វិស័យ​នេះ​បរិយាកាស​នយោបាយ​កំណើន​សេដ្ឋកិច្ច និង​កំណើន​ប្រាក់​ចំណូល របស់​ប្រជា​ពលរដ្ឋ​»​។

លោក​បន្ត​ថា ៖ «​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​បរទេស​ចំពោះ​ទីផ្សារ​នេះ កម្លាំង​ទិញ​បាន​កើន​ឡើង ទាំង​​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​បរទេស​សុទ្ធ​តែ ជា​កត្តា​ជំរុញ​នូវ​កំណើន​នេះ​»​។

លោក​បន្ត​ថា​ ៖ «​កម្លាំង​ពលកម្ម​ថោក​របស់​កម្ពុជា និង​ការ​នាំ​ចូល​សម្ភារ​សំណង់ និង​ការ​ផ្គត់ផ្គង់​សម្ភារ​សំណង់​ក្នុង​ស្រុក​កាន់​តែ​ច្រើន​បាន​ធ្វើ​ឲ្យ​ តម្លៃ​សំណង់​មាន​ភាព​សម​ស្រប ក៏​ជា​ផ្នែក​សំខាន់​នៃ​ការ​ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​ផង​ដែរ​»​។

លោក ឡៅ ទិព្វ​សីហា បាន​បន្ត​ថា ក្នុង​ចំណោម​គម្រោង​វិនិយោគ​ទាំង​នេះ ភាគ​ច្រើន​គឺជា​គម្រោង​វិនិយោគ​របស់​ជន​បរទេស ដែល​បាន​បោះ​ទុន​វិនិយោគ​ធំ​ជាង អ្នក​វិនិយោគ​ក្នុង​ស្រុក​។ វិនិយោគិន​កូរ៉េ នៅ​តែ​ជាប់​ចំណាត់​ថ្នាក់​លេខ​ ១ ចិន​លេខ​ ២ ជប៉ុន​លេខ ​៣ អង់គ្លេស​លេខ​ ៤ និង ​សិង្ហ​បុរី​ ជាប់​ចំណាត់​ថ្នាក់​លេខ​ ៥​។

អ្នក​ នាង អាន សុធីតា នាយិកា​រង​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ថា កំណើន​វិនិយោគ​ក្នុង​វិស័យ​នេះ​ជា​រឿង​ល្អ ដែល​វា​នឹង​ជួយ​ដល់​សេដ្ឋកិច្ច និង​ផល​ទុន​ជាតិ​សរុប​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​អ្វីដែល​អ្នក​នាង​បារម្ភ​គឺ​រឿង​ទីផ្សារ ព្រោះ​ប្រសិន​ជា​ទីផ្សារ​មាន​បញ្ហា ដោយ​សារ​អត្រា​ទិញ​មាន​ទំហំ​តិចតួច វា​អាច​មាន​បញ្ហា​ក្នុង​ការ​បញ្ចប់​គម្រោង​វិនិយោគ​ណា​មួយ​។

អ្នក​នាង​បន្តថា ស្ថានភាព​នា​ពេល​នេះ គឺ​ អត្រា​ទិញ​បាន​ថមថយ តែ​អ្នក​វិនិយោគ​នៅ​តែ​បន្ត​ការ​សាង​សង់​។

អ្នក ​នាង​បន្ត​ថា ​៖ «​អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​តម្លៃ ព្រោះ​អ្នក​អភិវឌ្ឍន៍​បាន​ដាក់​តម្លៃ​លក់​ក្នុង​តម្លៃ​ថ្លៃ ដែល​ខ្ញុំ​គិត​ថា គួរ​មាន​ការ​សិក្សា​ឡើង​វិញ​រវាង​ទីផ្សារ និង​តម្លៃ​ដែល​អ្នក​អភិវឌ្ឍ​បាន​ដាក់​ចេញ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​តម្លៃ​ដាក់​ចេញ​មាន ភាព​សមស្រប​នឹង​អ្វី​ដែល​ប្រជា​ពលរដ្ឋ​មាន​លទ្ធភាព​ទិញ​បាន​»​។

ប្រធាន ​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក គីម ហ៊ាង បាន​ថ្លែង​ថា កំណើន​នេះ​ជា​រឿង​ត្រឹម​ត្រូវ ព្រោះ​ឆ្នាំ​ ២០១៥, ២០១៦ ជា​ឆ្នាំ​សាង​សង់​ដែល​ទុនវិនិយោគ​ចូល​មក​ក្នុង វិស័យ​សំណង់​ច្រើន​ខុស​គ្នា​កាល​ពី​ឆ្នាំ​ ២០១៣, ២០១៤ ជា​ពេល​ដែល​អ្នក​វិនិយោគ​បាន​បោះ​ទុន​ទិញ​ដី​ធ្លី តែ​ពេល​នេះ​ទុន​បាន​បង្វែរ ​ចូល​មក​ក្នុង​វិស័យ​សំណង់​។

លោក​បន្ត​ថា ស្ថានភាព​ពេល​នេះ​អ្នក​ទិញ​នៅ​តែ​ទិញ អ្នក​លក់​នៅ​តែ​បន្ត​លក់ និង​អ្នក​សាងសង់​នៅ​តែ​បន្ត​ការ​សាងសង់​។

លោក ហ៊ាង បន្ត​ថា​ ៖ «​បច្ចុប្បន្ន​អ្នក​ទិញ​ធ្វើ​ប្ញក​ធំ​បន្តិច ដែល​ធ្វើ​ឲ្យ​​អ្នក​លក់​មាន​ភាព​រន្ធត់​ចិត្ត ដូច្នេះ ​អ្នក​លក់​ត្រូវ​យក​ចិត្ត​អ្នក​ទិញ​ឲ្យ​បាន​ច្រើន​»​។

លោក​បន្ត​ថា​៖ «សុខ ភាព​របស់​វិស័យ​នេះ នៅ​តែ​ដដែល ពោល​គឺ​ឲ្យ​តែ​អ្នក​លក់ លក់​ក្នុង​តម្លៃ​ថោក នឹង​មាន​អ្នក​ទិញ​ច្រើន ប៉ុន្តែ​តម្លៃ​មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ និង​ក៏​មិន​ឡើង​ផង​ដែរ​»៕

ប្រភពដើមពី៖ ភ្នំពេញ ប៉ុស្តិ៍


ទាញយកកម្មវិធីតាមរយៈទូរសព័្ទដៃ:

បណ្តាញទំនាក់ទំនងសង្គម:

Facebook
 Instagram Youtube Line Twitter Linked Google Plus 

ទីតាំងការិយាល័យ

អគារលេខ២៦៦ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី
ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ: (+855) 23 6969 699
អ៊ីម៉ែល: sale@penghuoth.com
អ៊ីម៉ែល: info@penghuoth.com

ទំនាក់ទំនង
(+855) 15 90 6789